(ស្ទឹងត្រែង)៖ មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យភាគីពាក់ព័ន្ធ ពិសេសសមត្ថកិច្ចជំនាញត្រូវពង្រឹងការកំណត់មុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីឆ្ពោះទៅរកមុខសញ្ញាអ្នកជួញដូរ និងចែកចាយគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មានគ្រឿងញៀននៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា ការរួមគ្នាកំណត់បាននូវអត្តសញ្ញាណមុខសញ្ញអ្នកប្រើប្រាស់គ្រឿងញៀនរបស់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ នឹងឆ្ពោះទៅរកឃើញនូវមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន ព្រោះមានអ្នកជក់ទើបមានអ្នកលក់ ដូច្នេះទាមទារអាជ្ញាធរមូលដ្ឋានគ្រប់សមាសភាពទាំងអស់ ត្រូវតែរួមគ្នាធ្វើយ៉ាងណាកំណត់នូវមុខសញ្ញាជនពាក់ព័ន្ធទាំងនោះ ឲ្យបានច្បាស់លាស់។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងបន្ថែមថា ការកំណត់បាននៅមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវតែរួមគ្នាផ្ដល់នូវកិច្ចអន្តរាគមន៍ជួយដល់ពួកគាត់ ដើម្បីទទួលបាននូវសេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាល មានពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលមកដល់ពេលនេះនៅខេត្តស្ទឹងត្រែងមានរហូតដល់១៧កន្លែង។
ពីសិក្ខាសាលានេះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា សិក្ខាសាលាមួយថ្ងៃនេះ គឺសិក្ខាកាមទទួលបាននូវចំណេះដឹងសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានពីវាគ្មិនកម្ពុជា ថៃ មានយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ បង្ការ និងព្យាបាលអ្នកញៀនគ្រឿងញៀន អត្ថប្រយោជន៍ និងការប្រើប្រាស់ App NoDrug និងការចែករំលែករបស់ថៃនូវបទពិសោធន៍ លើកិច្ចអន្តរាគមន៍ទៅលើក្រុមគោលដៅទាំង៦ រួមមាន ១៖ ក្រុមងាយរងគ្រោះក្នុងសេដ្ឋកិច្ច និងសង្គម, ២៖ ក្រុមក្រោយសមាហរណកម្ម, ៣៖ កុមារ និងយុវជន, ៤៖ ក្រុមគ្រួសារ, ៥៖ កម្មករ និង៦៖ ប្រជាពលរដ្ឋទូទៅ៕