(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក ម៉ម ប៊ុននាងប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកអង្គស្នួល សរុបចំនួន១១៨នាក់ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។
ពីធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន។
តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោក បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
លោកប្រធានក្រុម បានមានប្រសាសន៍បើកអង្គពិធីសំណេះសំណាលនាពេលនោះថា កន្លងមកនេះ ក្រុមប្រឆាំងនៅក្រៅស្រុកបានបង្កើតរឿង CLV-DTA ហើយថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមដដែលនេះបានប្រឌិតរឿងចោទរាជរដ្ឋាភិបាលកាត់កោះគុតឱ្យទៅភាគីថៃ។
លោក បានលើកឡើងអំពីបញ្ហាកោះគុតដែលឋិតនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងថៃថា កាលសម្តេចតេជោ នៅជានាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សានិងចរចារជាមួយលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងបានចុះអនុស្សានយោគយល់គ្នា ដើម្បីទាញយកប្រយោជន៍រួមគ្នាសម្រាប់ប្រទេសជាតិ។
លោកបានបន្ថែមទៀតថា ពួកប្រឆាំងនៅក្រៅប្រទេសនៅតែចឹញ្ជឹមចិត្តបង្កចលាចលក្នុងសង្គមជាតិខ្មែរ តាមរយៈការប្រឌិតលេសចោទថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយករណីឃាតកម្មលើលោក លិម គិមយ៉ា ដែលជាតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ។
ទន្ទឹមនឹងនេះ លោក សូមផ្តាំផ្ញើទៅអ្នកនយោបាយអគតិមួយចំនួននៅក្រៅស្រុកកុំយកករណីឃាតកម្មនេះធ្វើអាជីវកម្ម ឬកេងចំណេញនយោបាយរប ស់ខ្លួនដូចករណីកន្លងទៅ។
លោកក៏សូមបញ្ជាក់ថា កម្ពុជាបានចាប់បញ្ជូនជនដៃដល់ដែលបាញ់សម្លាប់លោក លិម គិមយ៉ាង ទៅឱ្យភាគីថៃ ដើម្បីឱ្យភាគីថៃធ្វើការស្រាវជ្រាវស៊ើបអង្កេត ថាតើអ្នកណាជាអ្នកនៅពីក្រោយឃាតកម្មនេះ ដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌មកឱ្យថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា និងសូមថ្កោលទោសចំពោះករណីឃាតកម្មមួយនេះផងដែរ។
ពាក់ព័ន្ធសភាពការណ៍អន្តរជាតិ ប្រធានក្រុម បានជម្រាបជូនអំពីការចុះអ័ភផ្សែងដែលមានជាតិពុលគ្របដណ្តាប់លើប្រទេសថៃ ដោយក្នុងនោះមានជាង៥០ខេត្ត អាជ្ញាធរមិនអនុញ្ញាតឱ្យកូនសិស្សទៅសាលារៀន និងតម្រូវឱ្យក្មេងៗរៀនតាមអនឡាញ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពក្មេង។
លោក ក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាពឃុំ និងក្រុមប្រឹក្សាឃុំ ជួយផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្នចំពោះការចុះផ្សែងអ័ភដែលមានជាតិពុល បង្កឱ្យមានការប៉ះពាល់ដល់សុខភាព។
បន្ទាប់មក ពិធីសំណេះសំណាលនេះ បានដំណើរការដោយមានការធ្វើបទអន្តាគមន៍អំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្រ្តនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ការងារស្ថិតិប្រជាពលរដ្ឋ ការងារអត្រានុកូលដ្ឋាន ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារមូលនិធិអភិវឌ្ឍន៍ឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិ ភាព ៧ចំណុច ព្រមទាំងបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន និងបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងអាជ្ញាធរស្រុកផងដែរ។
បន្ទាប់ពីអង្គពិធីដំណើរការដោយមានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នា អស់រយៈពេលមួយព្រឹករួចមក លោក ម៉ម ប៊ុននាងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍បូកសរុប ផ្តាំផ្ញើ និងបិទពិធីសំណេះសំណាល ដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ ព្រមទាំងបានចំណាយពេលវេលាដ៏មមាញឹកមក ចូលរួមពិធីសំណេះសំណាលនេះ ដើម្បីទទួល-ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានរបស់ខ្លួន ដោយធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។