(ភ្នំពេញ)៖ សហរដ្ឋអាមេរិក-កម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតគម្រប់៧៥ឆ្នាំ (១៩៥០-២០២៥) ដែលពិធីនេះធ្វើឡើងនៅសារមន្ទីរជាតិ នារាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
តាមគេហទំព័រផ្លូវការរបស់ទូតសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ។
នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍នេះ ក៏មានការថ្លែងសុន្ទរកថាយ៉ាងពិសេសរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានោះ គេក៏សង្កេតឃើញវត្តមានរដ្ឋមន្ត្រីតាមក្រសួង និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមជាមួយមន្ត្រីកាទូតនានា និងវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងក្រុមការងារ រួមជាមួយអ្នកមុខអ្នកការជាច្រើនទៀតផងដែរ។
ឆ្នាំ២០២៥ ជាការប្រារព្ធពិធីអបអរសាទរភាពជាដៃគូដ៏រឹងមាំរបស់សហរដ្ឋអាមេរិក-កម្ពុជា លើវិស័យជាច្រើន និងបង្ហាញពីទំនាក់ទំនងពិសេសក្នុងការអភិរក្សវប្បធម៌ និងសិល្បៈ ពិធីជប់លៀងនេះ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅក្នុងឆ្នាំថ្មី។
លោកស្រីភារធារីស្តីទី Bridgette L. Walker មានប្រសាសន៍ថា «ប្រធានបទសម្រាប់ឆ្នាំទី ៧៥ឆ្នាំរបស់យើង "យើងជាប្រជាជន" តំណាងឱ្យការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនៃភាពរុងរឿង សន្តិភាព និងវឌ្ឍនភាពសម្រាប់ប្រជាជនអាមេរិក និងកម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ»។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា «កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក ដែលបង្កើតឡើងដោយការគោរពគ្នាទៅវិញទៅមក ហើយរីករាយនឹងសន្ទុះវិជ្ជមានដែលឃើញនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីទំនាក់ទំនងពាណិជ្ជកម្ម និងប្រជាជនទៅប្រជាជន។ ការបន្តនៃកិច្ចសហប្រតិបត្តិការយោធា និងយោធា»។
ទន្ទឹមនឹងនោះ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន ហើយក៏មានបំណងចង់ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់អាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ទំនាក់ទំនង ស្វែងយល់ពីវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលនឹងរួមចំណែកដល់ការបន្តវិបុលភាព និងស្ថិរភាពក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាននូវចំណុចសំខាន់អស្ចារ្យក្នុងវិស័យវប្បធម៌។ ការគាំទ្រពីសហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យនូវសម្បត្តិវប្បធម៌រាប់រយរបស់ប្រទេសកម្ពុជា។ ការត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះគឺច្រើនជាងការងើបឡើងវិញនៃវត្ថុបុរាណ។ វាគឺជាការស្ដារឡើងវិញនូវប្រវត្តិសាស្ត្រ អត្តសញ្ញាណរបស់យើង និងសេចក្តីថ្លៃថ្នូររបស់យើងក្នុងនាមជាជាតិ។ បំណែកនីមួយៗដែលបង្កប់ដោយព្រលឹងនៃបុព្វបុរសខ្មែរយើង ប្រាប់ពីរឿងមួយនៃភាពធន់ពីមរតក និងពីអំណាចនៃការសហការគ្នាដើម្បីកែកំហុសពីអតីតកាល»។
នៅក្នុងពិធីប្រកបដោយរីករាយនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនងការទូតកាន់តែប្រសើររវាងប្រទេសទាំងពីរ ពិសេសក៏សូមថ្លែងអំណរគុណ ដែលសហរដ្ឋអាមេរិកតែងតែផ្តល់កិត្តិយសក្នុងការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
លោកជំទាវអ្នកឧកញ៉ាមានប្រសាសន៍ថា «សូមថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។ ពិសេសតាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌»៕