(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូន លោក មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី ក្នុងឱកាសដ៏វិសេសវិសាលនៃ ការប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៥ ដែលរំលឹកអំពីសេរីភាព និងគុណតម្លៃរបស់ប្រទេសអូស្ត្រាលី។

តាមរយៈសារលិខិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរ យ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមប្រធាន និងប្រជាពលរដ្ឋអូស្ត្រាលីទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាលនៃ ការប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៥ ដែលរំលឹកអំពីសេរីភាព និងគុណតម្លៃរបស់ប្រទេសអូស្ត្រាលី»

សម្ដេចបានបន្ដថា៖ «ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិប្រត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងរវាងប្រទេសយើងទាំងពីរ ដែលបានលូតលាស់យ៉ាងរឹងមាំអស់រយៈពេលជាយូរ មកហើយ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ នឹងបន្តរីកចម្រើនលូតលាស់ និងកាន់តែ ស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងសងខាង»

ជាថ្មីម្ដងទៀត សម្ដេចត្រៀមខ្លួនដើម្បីសហការជាមួយ លោកប្រធាន និងសហការីរបស់ លោកសំដៅលើកកម្ពស់ ទំនាក់ទំនងអន្តរសភា ដើម្បីជាប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងលើ សកលលោក៕