(ភ្នំពេញ)៖ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអ៉ឹឃ្វារៀម (Angkor Wildlife and Aquarium) មានផ្ទៃដីសរុប ១០០ហិចតា ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ទាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺជាឧទ្យានធំជាងគេនៅកម្ពុជា ដែលមានតាំងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ។
លោក អុល វ៉ាន់ដា នាយកផ្នែកលក់ និងទីផ្សារ Angkor Wildlife and Aquarium បានឲ្យដឹងថា ជាមួយនឹងត្រីទឹកសាប ទឹកប្រៃជាច្រើប្រភេទ ឧទ្យានមួយនេះ ក៏មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំជាដើម។ ក្រៅពីការទស្សនាកម្សាន្ត នៅក្នុងឧទ្យាន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្ដែតទឹក ហាងលក់ទំនិញ ភោជ្ជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
Angkor Wildlife and Aquarium បានផ្តល់ឱកាសការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ និងមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងផ្តល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅ ឬស្សី ដូង និងចេកជាដើម៕