(ភ្នំពេញ)៖ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦.៣% ដែលឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។ នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

តាមរយៈសេចក្តីប្រកាសលទ្ធផល អង្គសន្និបាតនៃគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។

ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។

អង្គសន្និបាត បានគូសបញ្ជាក់ថា «លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦.៣%។ ឆ្លងតាមការ វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាត នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ក្នុងរយៈពេលតែ១ឆ្នាំ៧ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ខណៈចំណូលរបស់ប្រជាពលរដ្ឋបានកើនឡើងដែលសបញ្ជាក់អំពីការរីកចម្រើនខាងសេដ្ឋកិច្ច៕