(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករតាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ដោយសារតែប្រជាពលរដ្ឋសែស្រឡាយកាត់ចិន-វៀតណាម ត្រូវការសែនព្រេនជូនជីដូន ជីតា ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការអុជទាន ធូប ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។ ករណីនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏ក្រើនរំលឹកផងដែរដល់អ្នកបញ្ជាយានយន្ដទាំងអស់ ក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរស្ថិតក្រោមសារធាតុស្រវឹង ដើម្បីបង្ការ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរដូវបុណ្យទាន។
ជាមួយគ្នានេះ លោកក៏មិនភ្លេចនូវវិធានការម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ករណីក្មេងទំនើងផងដែរ ព្រោះខ្លាចមានការឆ្លៀតឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ក្រុមក្មេងទំនើងលួបប្រមូលផ្ដុំគ្នា និងឈានដល់ការប្រើប្រាស់អំពើហិង្សា អុកឡុកក្នុងសង្គម។