(កំពង់ឆ្នាំង)៖ កងកម្លាំងរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចុះបំពេញការងារបង្ក្រាបបទល្មើសនេសាទ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាក់ស្ដែងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេសង្កេតឃើញកងកម្លាំងរាប់រយនាក់និងទូករាប់សិបគ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ដោយឡែក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ស្តីពីការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ដោយមានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាខេត្តកំពង់ឆ្នាំង លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តអញ្ជើញចូលរួមផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធ បានរាយការណ៍ជូនថ្នាក់ដឹកនាំអំពីលទ្ធផលសំខាន់ៗនៃអនុវិស័យជលផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ កំណើនផលនេសាទ និងផលវារីវប្បកម្ម និងបានលើកឡើងអំពី ស្នាដៃចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចពេញមួយឆ្នាំរបស់អស់លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានរួបរួមគ្នា និងចូលរួមសហការយ៉ាងសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤កន្លងមក។

អភិបាលខេត្តបានបន្តថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន បានខិតខំធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្តីអំពីការប្រើឧបករណ៍នេសាទឱ្យបានត្រឹម ត្រូវទៅតាមច្បាប់ស្ដីពីជលផល និងបានណែនាំឱ្យពលរដ្ឋចូលរួមសហការថែរក្សានូវទីតាំងការពារនិងអភិរក្សជលផល ព្រមទាំងបញ្ញត្តិពាក់ព័ន្ធច្បាប់ស្ដីពីជលផល ពង្រឹងការអនុវត្តច្បាប់ជលផលបានយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ ថែមទាំងបានពង្រឹងការអនុវត្តចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទជាប្រចាំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ និងបានប្រជុំលើកផែនការបន្តអនុវត្តការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទនៅឆ្នាំ២០២៥ខាងមុខនេះជាបន្តទៀតផងដែរ។

នាយឧត្ដមសេនីយ៍ថា ដើម្បីអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះផែនការបង្ក្រាបសកម្មភាពបទល្មើសនេសាទ ដោយធ្វើយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមិនឱ្យកើតមានបទល្មើសនេសាទជាបន្តទៀត។

នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ជនរួមជាតិ និងប្រជានេសាទទាំងអស់ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ទាំង៧ចំណុចរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះ៖

*ទី១៖ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើការនេសាទដូចជាថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះអ្វីក៏ដោយ ដែលជាឧបករណ៍នេសាទហាមឃាត់។
*ទី២៖ សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់គឺរដូវត្រីពងកូន ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ដោយសូមមេត្តារួមគ្នាដើម្បីទុកត្រីឲ្យវាធំ ឲ្យវាពង ឲ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា។
*ទី៣៖ សូមមេត្តាកុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជម្រកត្រីនិងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំព្រៃលិចទឹកឡើងវិញផងដែរ។
*ទី៤៖ ត្រូវជួយការពារតំបន់អភិរក្សរាប់ ទាំងការជួយផ្ដល់ព័ត៌មានអំពីជនខិលខូចឬមន្ត្រីខិលខូចចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស។
*ទី៥៖ កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅដូចជា៖នេសាទគ្រួសារ ការដាំឈូក ឬចាក់ដីលុបដើម្បីសាងសង់សំណង់ផ្សេងៗ។
*ទី៦៖ សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាធ្វើជាម្ចាស់បឹងទន្លេសាបនេះទាំងអស់គ្នា។
*ទី៧៖ ជំរុញការចិញ្ចឹមត្រីការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗដែលជិតផុតពូជ។

បន្ទាប់ពីប្រជុំរៀបចំផែនការចុះបង្ក្រាបបទល្មើសនេសាទរួចមក លោកនាយឧត្ដមសេនីយ៍ លោកអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាព នៅតាមដងទន្លេសាប និងដឹកនាំកងកម្លាំងចុះធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកបរិបូរណ៍ ក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរជាបន្ត។ លោកនាយឧត្តមសេនីយ៍ក៏បាននាំយកអំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអាជ្ញាធរ និងកងកម្លាំងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងផងដែរ៕