(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចាត់ទុកភាព​គ្មាន​​សំរាមនៅលើទឹកដីខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ក្នុងការលើកកម្ពស់​សោភណភាព និងអនាម័យសម្រាប់ការរស់នៅ។ ដើម្បីឱ្យទឹកដីខេត្តពោធិ៍​សាត់ គ្មានសំរាម និងស្រស់ស្អាត លោក ខូយ រីដា បានដាក់ចេញបទបញ្ជា​ក្តៅ «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាម​អត់មេឃុំ មានមេឃុំ អត់សំរាម»។

ការដាក់ចេញបទបញ្ជាដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់ ពីសំណាក់លោក ខូយ រីដា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើ​ក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ។

លោក ខូយ រីដា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ខ្ញុំបានរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីរៀបចំបរិស្ថានឱ្យមានសណ្តាប់ធ្នាប់​ល្អ។ យើងបង្កើតទ្រឹស្តីនេះ ដើម្បីឱ្យអាជ្ញាធរយកចិត្តទុកដាក់ជំរុញផ្សព្វផ្សាយ និងមានការទទួលខុសត្រូវពីសំណាក់អាជ្ញាធរដែនដីនៅតាមភូមិ ឃុំ និងស្រុក»

លោកអភិបាលខេត្តបន្ថែមថា «យើងប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឱ្យសំរាមនៅក្នុងស្រុក ខេត្តរបស់យើងគ្រប់គ្រងឱ្យបាន មានអនាម័យ បរិស្ថានល្អ»

លោក ខូយ រីដា បានចាត់ទុកការគ្មានសំរាមនៅតាមផ្ទះ និងតាមភូមិឋាន មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតនោះទេ តែក៏ជាការនាំមកនូវសិរីសួស្តី​សម្រាប់គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ អភិបាលខេត្ត បានបញ្ជាក់ថា លោកបានដាក់ចេញយុទ្ធនាការការទុកដាក់សំរាមឱ្យត្រឹមត្រូវនេះ រយៈពេល​ប្រមាណមួយ​ឆ្នាំមកហើយ ដោយបានចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជានៅតាមសាលារៀនផងដែរ។

លោកអភិបាលខេត្តពោធិ៍សាត់ ទទួលស្គាល់ថាយុទ្ធនាការមិនទាន់បាន​លទ្ធ​ផលល្អ១០០ភាគរយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថ​ច្រើនលើការទុកដាក់សំរាមនេះ។

ដើម្បីលើកកម្ពស់ភាពស្រស់ស្អាតនៅតាមភូមិឋាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើនដូចជា «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាដើម។ តាមរយៈយុទ្ធនាការនេះ បានបង្កើតឡើងនូវចលនាអប់រំផ្សព្វផ្សាយលើការ​ទុកដាក់សំរាមនៅតាមសាលារៀន ការដើររើសសំរាមនៅតាមភូមិឋាន និងសាលារៀន។ បន្ថែមពីលើនោះ ក៏មានការសំអាតតាមថ្នល់ជាតិផងដែរ។

ក្រោយឃើញការប្រកាសរបស់អភិបាលខេត្តពោធិ៍សាត់, លោក អ៊ាង សុផល្លែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការប្តេជ្ញា​ចិត្ត​របស់​លោកអភិបាលខេត្តពោធិ៍សាត់ ក្នុងការសំអាតសំរាមនៅក្នុងខេត្ត។

លោក អ៊ាង សុផល្លែត បានចាត់ទុកបទបញ្ជារបស់លោកអភិបាល​ខេត្ត​ពោធិ៍សាត់ គឺជាការប្តេជ្ញាចិត្តខ្ពស់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សោភណភាព និងអនាម័យ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថា អាជ្ញាធរនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹងធ្វើយុទ្ធនាការព្រមៗគ្នា ជាមួយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកម្ពុជាស្រស់ស្អាត និងគ្មានសំរាម៕