(ក្រចេះ)៖ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ដឹកនាំសហការីមន្ត្រីសង្ឃសាលាអនុគណស្រុកសំបូរ និងព្រះចៅអធិការវត្តនៅមូលដ្ឋានស្រុកសំបូរ នាំយកបច្ច័យ ស្បង់ស្បៃត្រៃចីវរ មុង ភួយ កន្ទេល ខ្នើយ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួនធំ ប្រគេនដល់ព្រះចៅអធិការវត្តរតនរង្សី (កោះច្បារលេី) ។
គួរឱ្យដឹងថា អគ្គិភ័យបានឆេះកុដិព្រះសង្ឃដែលមានទទឹង ៧ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ នៅវត្តរតនរង្សី (កោះច្បារលេី) ភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ខូចខាតកុដិទាំងស្រុង សម្ភារប្រើប្រាស់ និងគ្រឿងឈើមួយចំនួនធំ នារាត្រីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០: ៣០នាទីយប់ មូលហេតុដោយសារភ្លើងទៀន កន្លងទៅថ្មីៗនេះ៕