(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បីណែនាំ ពោលហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ។

លោក ឃួង ស្រេង ណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានឲ្យដឹងថា បុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំផែនការយើងមានអស់ហើយនូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។

លោក ឃួង ស្រេង បានបន្តទៀតថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។

លោកអភិបាលរាជធានីភ្នំពេញបានបន្តថា អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ ណែនាំឱ្យពួកគាត់ ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។

បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែក នៅតំបន់ស្មុកស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេសប្រជាការពារសង្កាត់ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះគ្រប់គ្រងជនឥន្តោប្រវេស្ស ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យពួកគាត់គោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ប្រទេសយើងមានច្បាប់៕