(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលបង្កើតឱ្យមានការភ័ន្តច្រឡំមកលើកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀន របស់កម្លាំងនគរបាលជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកសារព័ត៌មានអនឡាញមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយបានបង្ហោះរូបថតជនល្មើស និងថ្នាំញៀន ដែលកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាប បាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ជាមួយខ្លឹមសារថា «មានគេសួរ៖ ហេតុអ្វីបានជាលោកប៉េអិមបង្ក្រាបគ្រឿងញៀនយូរៗម្ដងសោះ បានច្រើនរាប់រយគ.ក មានទាំងកាំភ្លើង ក្របួចបានទាំងមេខ្លោងធំៗទៀត.? ចុះលោកប៉ូលិសវិញ.? គេឃើញបង្ក្រាបគ្រឿងញៀនយ៉ាងសកម្មស្ទើររាល់ថ្ងៃ តែតូចតាច កំប៉ិកកំប៉ុក ហើយចាប់បានតែអ្នកជក់ ឬ អ្នកកាន់ថ្នាំ១ឬ២ក្រាម..មិនដែលចាប់បានទេមេខ្លោង។ មិនតែប៉ុណ្ណោះលាក់លៀមៗ មិនដែលឲ្យកាសែតផ្សាយទេ។ {សុំសរសើដោយស្មោះ ចំពោះកិច្ចប្រតិបត្តិការរបស់លោកប៉េអិម)» ។

មន្ទីរប្រឆាំងគ្រឿងញៀន ចាត់ទុកការផ្សព្វផ្សាយរបស់អ្នកព័ត៌មានអនឡាញមួយចំនួនតូចនេះ មិនបានឆ្លុះ បញ្ចាំងពីការពិតនោះទេ គ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដើម្បីបង្កើតឱ្យមានការចាប់អារម្មណ៍ពីមហាជនតែ ប៉ុណ្ណោះ។ មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ បន្ថែមលើកពីនេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន ខុស ច្បាប់ ដែលមកដល់ពេលនេះមានចំនួន៩លើកមកហើយ។ ដើម្បីអនុវត្តន៍ផែនការ អាទិភាពរបស់រាជរដ្ឋាភិបាល កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានករណីធំៗ (ធ្ងន់ធ្ងរ)ជាច្រើនករណី ព្រមទាំងចាប់មេខ្លោង និងបណ្តាញជាច្រើននាក់ ហើយរឹបអូសបានគ្រឿងញៀនជាច្រើនតោនក្នុង១ឆ្នាំៗថែមទៀតផង (ជាក់ស្តែងដូចមានក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤)។

ជាថ្មីម្តងទៀត មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនាមអង្គភាពចូលរួមអនុវត្តន៍ច្បាប់គ្រឿងញៀន សូមច្រានចោល ទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួនតូច ដែលបង្កើតព័ត៌មានតាមអារម្មណ៍ផ្ទាល់ ខ្លួន បង្កើតឱ្យមានការរើសអើងរវាងមន្ត្រីអនុវត្តន៍ច្បាប់ ពិសេសបន្តុះបង្អាប់លើកងកម្លាំងនគរបាលជាតិ ដែលបាន និងកំពុងបំពេញការងារបម្រើប្រជាជន ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសង្គមជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀន ស្នើឱ្យអ្នកសារព័ត៌មានអនឡាញទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់នូវការផ្សព្វផ្សាយ របស់ខ្លួន បើមិនដូច្នេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕