(ភ្នំពេញ)៖ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យភាគីពាក់ព័ន្ធ ចាត់វិធានការច្បាប់ លើបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។
ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចាត់ទុកថា សម្តីរបស់បុគ្គលរូបនោះ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្តែងនូវកង្វល់ និងការព្រួយបារម្មណ៍យ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់គណនីហេ្វសប៊ុក ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត ដែលបានតាំងខ្លួនជាអ្នកពន្យល់ធម៌ ដោយប្រាសចាកខ្លឹមសារដើម នៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ»។
បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបកស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងគោរពប្រតិបត្តិ លើកស្ទួយនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបន្តថា «អាស្រ័យហេតុដូចបានលើកឡើងខាងលើ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្កោលទោសយ៉ាងដាច់អហង្កា និងសូមគោរពស្នើសុំដល់ក្រសួងធម្មការ និងសាសនា និងគណសង្ឃនាយកទាំងពីរគណៈ សូមព្រះមេត្តា និងមេត្តា ចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពក្នុងចេតនាទុច្ចរិត ចំពោះព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ»។
ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើការកោះហៅបុគ្គលរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។
សូមជម្រាបថា ការប្រមាថចំពោះព្រះសង្ឃ ដូនជី ឬ តាជី នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ ក្នុងឱកាសនៃការបំពេញមុខងារ គឺជាបទល្មើស (បទលហុ) ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១ ០០០ (មួយពាន់) រៀល ទៅ ១០០ ០០០ (មួយសែន) រៀល ស្របតាមបញ្ញត្តិមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ។ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល ដែលមានបញ្ញត្តិនៅក្នុងមាត្រា ៥០២ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ៕