(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃខេត្តព្រៃវែង និងខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបន្តរចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីស្ថានីយបូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃគោ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួន ដែលកំពុងតែខ្វះខាតទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់គាត់នៅក្នុងខេត្តព្រៃវែង។
បើយោងតាមផេកផ្លូវការរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបង្ហោះថា ការជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកចំនួន៨,៨៩១ហិចតា ក្នុងស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរ មានចំនួន៤ឃុំ ស្រុកកំចាយមារ មានចំនួន៤ឃុំ និងស្រុកមេសាង មានចំនួន៨ឃុំ ក្នុងខេត្តព្រៃវែង។
សូមបញ្ជាក់ថា ការបន្តចុះអន្តរាគមបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ លោក អភិបាលខេត្ត បានចាប់ផ្ដើមបូមទឹកនេះតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ និងរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលលោកអភិបាលខេត្តនៅតែបន្ត បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់គាត់ឱ្យចប់ចុងចប់ដើម និងទទួលបាននូវទិន្នផលខ្ពស់នោះផងដែរ៕