(តាកែវ)៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពីគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ពិសេសច្បាប់ចររាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមតាកែវជាង ២ពាន់នាក់ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសនោះលោក កង អាណាន់ បានធ្វើការអប់រំផ្សព្វផ្សាយនូវច្បាប់ចររាចរណ៍ផ្លូវគោកឱ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងបានលើកឡើងនូវផលប៉ះពាល់ដោយគ្រឿងញៀន ក្នុងស្រទាប់សិស្សានុសិស្ស ដោយគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ព្រោះគ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត បំផ្លាញអនាគតយុវជន និងភាគីពាក់ព័ន្ធផងដែរ។
លោកអភិបាលក្រុងដូនកែវ ក៏បានលើកឡើងពីប្រភេទបារីអេឡិចត្រូនិក (E-Cigarette-Vape) ដែលវាកំពុងបញ្រ្ជាបខ្លួនយ៉ាងខ្លាំងក្នុងចំណោមសិស្សានុសិស្ស ដែលឧបករណ៍នេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយថែមទៀតផង ដូច្នោះប្អូនសិស្សានុសិស្សទាំងអស់ត្រូវជៀសឱ្យឆ្ងាយបីការប្រើប្រាស់បារីអេឡិចត្រូនិចនេះ។
លោក កង អាណាន់ ក៏បានលើកឡើងពីបញ្ហាក្មេងទំនើងក្នុងសាលា ក្នុងនោះអាជ្ញាធនឹងចុះកំណត់មុខសញ្ញាក្មេងទំនើងឱ្យបានច្បាស់លាស់ ការពារ និងជៀសវាង ជនទាំងនោះបង្កផលប៉ះពាល់ គ្រោះថ្នាក់ ដល់អ្នកដ៏ទៃ និងកោះហៅមកណែនាំ ពិនិត្យសារធាតុញៀន ព្រមទាំងអនុវត្តច្បាប់លើជននោះផងដែរ៕