(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ាន លើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយមានការរៀបចំជាកម្មវិធីជំនួយបច្ចេកទេស និងគម្រោងជាច្រើន ដូចជា គម្រោង ASEAN+3 Bond Markets Initiative (ABMI) ជាដើម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយកំណើនសេដ្ឋកិច្ច និងភាពជោគជ័យទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចំណេះដឹងបច្ចេកទេស និងចក្ខុវិស័យរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូសហការ។
ការបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក WATANABE Yasuto អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ាន សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសឥតងាករេ និងកិច្ចសហការគ្នាក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ដោយបានបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការឥតឈប់ឈររវាងប្រទេសជប៉ុន និងកម្ពុជានឹងបន្តវិវឌ្ឍ និងកាន់តែស៊ីជម្រៅ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
សូមបញ្ជាក់ជូនថា ជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) ត្រូវបានបង្កើតជាមួយនឹងចក្ខុវិស័យរយៈពេលវែង ដើម្បីពង្រឹងការអភិវឌ្ឍទីផ្សារមូលបត្របំណុលរូបិយប័ណ្ណក្នុងស្រុក ដែលជាប្រភពហិរញ្ញប្បទានបន្ថែមសម្រាប់ប្រទេសក្នុងតំបន់។ ក្រោមគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ាន+3 (ABMI) ជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) បានផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីជំនួយបច្ចេកទេសជាច្រើន។
កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដោយជំនួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលដ៏រឹងមាំ៕