(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ និងអង្គការ ហា ឆាន់ ខាំ បានចុះពិនិត្យជំងឺទូទៅ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន៣ថ្ងៃ គឺចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

ក្នុងនោះមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម យ៉ុងអ៊ុក Kim young og ចំនួន ៣០នាក់ មកធ្វើការបម្រើផ្នែកសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ មានការពិនិត្យ និងព្យាបាលដល់អ្នកជំងឺទូទៅ មានឯកទេសខាងព្យាបាលដូចជា៖ ផ្នែកខាងក្នុង រាង្គកាយ វះកាត់ ផ្នែកកុមា ផ្នែកសិរីរាង្គ និងភ្នែក ដោយឥតគិតថ្លៃ ក្រោមកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋមានការចូលរួមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ អ្នកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោកវេជ្ជបណ្ឌិត Kim young og បានថ្លែងថា ក្នុងនាមលោកជាវេជ្ជបណ្ឌិតប្រធានសេវាស្ម័គ្រចិត្តគ្រូពេទ្យក្រៅប្រទេសកូរ៉េ និងអង្គការ ហា ឆាន់ ខាំ បានដឹកនាំក្រុមគ្រូពេទ្យ ចំនួន៣០នាក់ ចុះមកពិនិត្យប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ជាកម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃគឺមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាជនជនក្នុងការផ្ដល់សេវា​សុខភាពជូនប្រជាជន។

លោកវេជ្ជបណ្ឌិត Kim young og បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រូពេទ្យក្រៅប្រទេសកូរ៉េ អង្គការ ហា ឆាន់ ខាំ ចុះមកពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ គឺជាទឹកចិត្តសកម្មភាពមនុស្សធម៌មានការចូលរួមសហការយ៉ាងសស្រាក់សស្រំាពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទៀតផង។

លោក អ៊ុំ រាត្រី បានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការហាឆាន់ខាំ ចំនួន៣០នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kim young og ប្រធានក្រុមការងារបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ តាមរយៈអង្គការ ហាឆាន់ខាំ ចុះមកសការជាមួយក្រុមគ្រូពេទ្យសង្អែកក្រុងសិរីសោភ័ណមកព្យាលជំងឺជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ដោយឥតគិតថ្លៃមានចំនួនរយៈពេល ៣ថ្ងៃ  ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការ ហាឆាន់ខាំមកព្យាលជំងឺជូនប្រជាពលរដ្ឋក្នងក្រុងសិរីសោភ័ណ ចំនួន៣លើកមកហើយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការហាឆាន់ខាំនេះ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅនៅក្រុងសិរីសោភ័ណ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉នលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពបានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់៕