(រតនគិរី)៖ ម្ចាស់ចំការកៅស៊ូ បានចេញលិខិតបកស្រាយ និងបញ្ជាក់ពីលើកឡើងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបិទផ្លូវឆ្លងកាត់ចំការកៅស៊ូ។ នេះបើតាមលិខិតរបស់ម្ចាស់ចំការ ដែលផ្ញើមកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥

ក្នុងលិខិត បានសរសេរថា «កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ មានការផ្សាយតាមបណ្តាញសង្គម ស្តីពី” តំណាងអយ្យការដឹកនាំមន្រ្តីមូលដ្ឋាន ចុះបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំការកៅស៊ូមួយកន្លែង នៅស្រុកលំផាត់» បញ្ហានេះ ខ្ញុំបាទសូមបំភ្លឺ ដូចខាងក្រោម៖

១៖ ផ្លូវនេះ ស្ថិតនៅ ភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ជាផ្លូវទ្បូតិ៍កៅស៊ូឯកជន ក្នុងកណ្តាលដីចំការកៅស៊ូរបស់ខ្ញុំបាទ ដែលកន្លងមក ពុំមានផ្លូវទេ គឺ នៅពេលដើមកៅស៊ូធំ ខ្ញុំបាទ ធ្វើផ្លូវនេះ សម្រាប់ប្រមូលផលជ័រកៅស៊ូ ហើយ ខ្ញុំក៌អនុញ្ញាត ឱ្យប្រជាជនប្រហែល០៣គ្រួសារ ធ្វើដំណើរឆ្លងកាត់។

២៖ ក្រោយមក ចេះតែបាត់ជ័រកៅស៊ូ បាក់ដើមកៅស៊ូដោយការចរាចរណ៌ រថយន្ត គោយន្តរអិលប៉ះ និង ពិសេសខ្លាចឆេះចំការកៅស៊ូក្នុងករណីចៃដន្យមានការបោះកន្ទុយបារីណាមួយ ខ្ញុំបាទក៌ដាក់ពាក្យសុំទៅសាលាដំបូងខេត្តរតនគិរី ដើម្បីរកយុត្តិធម៌ ដោយស្នើវិធានការណ៌បន្ទាន់បិទផ្លូវទ្បូតិ៍កៅស៊ូឯកជនរបស់ខ្ញុំបាទ ព្រោះត្រូវបាន០៣គ្រួសារនេះ មកជំទាស់។

៣៖ ទន្ទឹមនេះដែរ ខ្ញុំបាទបាន កាប់ដើមកៅស៊ូមានអាយុកាលជិត១៥ឆ្នាំរបស់ខ្ញុំបាទ ចំនួនជិត៤០០ដើម ដើម្បីពង្រីកផ្លូវថ្មីឱ្យបានធំ និង ចំណាយថវិកាផ្ទាល់ខ្លួន ដែលសាលាឃុំគ្រោងទុកឱ្យប្រជាជនប្រើប្រាស់ជាសាធារណៈកន្លងមក តែ០៣គ្រួសារនេះ មិនបានជួយចំណាយអ្វីទាំងអស់។

ជាចុងក្រោយ ខ្ញុំបាទ សំណូមពរ អាជ្ញាធរថ្នាក់ខេត្ត ចុះមកពិនិត្យទីតាំងដីជាក់ស្តែង និង សាកសួរអាជ្ញាធរភូមិឃុំបន្ថែម ដោយក្តីអនុគ្រោះ។

ខ្ញុំបាទ សូមភ្ជាប់នូវ ឯកសារពាក់ព័ន្ធ និង រូបថតផ្លូវថ្មី ធំជាងមុន សម្រាប់គ្រួសារទាំងនេះ ធ្វើដំណើរទៅវិញទៅមក ដោយពុំមានការរាំងស្ទះចរាចរណ៌ ដូច០៣គ្រួសារនេះ លើកទ្បើងទ្បើយ ហើយផ្លូវថ្មី ត្រូវបានប្រោះព្រំ ពីព្រះសង្ឃ និង មានការចូលរួមពីលោកយាយ លោកតា ចាស់ទុំ និង អាជ្ញាធរភូមិ ឃុំ ផងដែរ៕

គួររម្លឹកថា លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់។

លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានថ្លែងប្រាប់យ៉ាងខ្លីថា តំណាងអយ្យការនៅព្រឹកថ្ងៃនេះ បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវខាងលើ គឺអនុវត្ត «ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តរតនគិរី»