(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ១០០នាក់បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
តបតាមសំណើររបស់ប្រជាកសិករ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលនូវសំណើររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់ នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក រដ្ឋមន្ត្រីបានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច១,០០០ហិកតា ដើម្បីអាចចងក្រងជាសហគមន៍កសិកម្មទំនើបបាន ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តមានប្រសិទ្ធភាព ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។
នាឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំតម្លៃទាប កាត់បន្ថយថ្លៃដើម មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានជំនួយបច្ចេកទេសគ្រប់គ្រាន់ផលិតបានគុណភាពខ្ពស់ និងមានទីផ្សារពិតប្រាកដ។
រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម ផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការ និងយោគយល់គ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាពយូរអង្វែង។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករ ឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះបន្ថែមទៀត។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ស្រូវប្រាំង នៅស្រុកបវេល ខេត្តបាត់ដំបងផងដែរ។
តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ទេសរដ្ឋមន្ត្រី បានណែនាំទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក និងការចងក្រងសហគមន៍កសិកម្មទំនើប ជាពិសេសការផ្តល់បច្ចេកទេស ពូជ ធាតុចូលកសិកម្ម សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ ក៏បានមានប្រសាសន៍បន្ថែមថា ដើម្បីណែនាំឱ្យបងប្អូនប្រជាកសិករបានចូលរួមជាសហគមន៍កសិកម្មទំនើបឲ្យបានគ្រប់ៗគ្នា ដើម្បីមានឱកាសទទួលបានបច្ចេកទេសក្នុងការបង្កបង្កើនផលកសិកម្ម ដំណាំស្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទទួលបានការធានារ៉ាប់រង និងការគិតគូជូនគ្រប់ជ្រុងជ្រោយយ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រសិនបើមានបញ្ហាបច្ចេកទេសអ្វីមួយ៕