(ភ្នំពេញ)៖ បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ បឹងទន្លេសាបមានទំនាក់ទំនងជាមួយទន្លេមេគង្គ តាមរយៈទន្លេសាប នៅត្រង់ចំណុចប្រសព្វចតុមុខ រាជធានីភ្នំពេញ ដែលជាប្រព័ន្ធផ្លូវលំហូរទឹកមួយដ៏សំខាន់ ក្នុងការទទួលឥទ្ធិពលរបបទឹកពីទន្លេមេគង្គនៅរដូវវស្សា និងហូរត្រឡប់មកទន្លេមេគង្គវិញក្នុងរដូវប្រាំង ដែលបង្កើតបានជាបាតុភូត ដ៏កម្រមួយក្នុងពិភពលោក។
បឹងទន្លេសាប មានបណ្តោយប្រមាណ ១១៦គីឡូម៉ែត្រ ទទឹងប្រមាណ ៣គីឡូម៉ែត្រ ទៅ៣៣គីឡូម៉ែត្រ និងមានមាឌទឹកប្រមាណ ៤៥០០លានម៉ែត្រគូប នៅរដូវប្រាំង។ នៅរដូវវស្សា មានបណ្ដោយប្រវែង ២៥០គីឡូម៉ែត្រ ទទឹង ១០០គីឡូម៉ែត្រ និងអាចស្តុកទឹកបានរហូតដល់ ១៣៥ ០០០ លានម៉ែត្រគូប។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំង ប្រមាណ ៥ ទៅ ៦ដង។
ទឹកជាជីពចររស់ដ៏សំខាន់របស់បឹងទន្លេសាបក្នុងទ្រងទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធជីវចម្រុះ ដែលមាឌទឹកទទួលពីទន្លេមេគង្គនៅរដូវវស្សាលើប្រមាណជា ៦២% និងប្រមាណជា ៣៨% ពីបណ្តាស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប មានស្ទឹងសែន ស្ទឹងជីនិត ស្ទឹងស្ទោង ស្ទឹងជីក្រែង ស្ទឹងសៀមរាប ស្ទឹងស្រែង ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងដូនទ្រី ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍ ស្ថិតក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ បឹងទន្លេសាប បញ្ចចេញទឹកទៅទន្លេមេគង្គវិញនៅរដូវប្រាំងប្រមាណ ៨៨% និងហួតប្រមាណ១២% ។
បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ជាអាងស្តុកទឹកធម្មជាតិដ៏ធំមួយ ក្នុងការស្រូបយកទឹកជំនន់ពីតំបន់ដីសណ្ដរទន្លេមេគង្គប្រមាណ ២០% ក្នុងមួយឆ្នាំៗនៅរដូវវស្សា។ បឹងទន្លេសាប ជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិប្រកបដោយសក្ដានុពល ធនធានត្រីក្នុងការផ្ដល់នូវផលិតភាពប្រូតេអ៊ីនប្រមាណ ៦០% ដល់ប្រជាជនកម្ពុជា។ បឹងទន្លេសាប បានផ្ដល់នូវទីជម្រកយ៉ាងសម្បូរបែប និងការគាំពារដល់ជីវៈចម្រុះគ្រប់ប្រភេទ រួមទាំងប្រជាជនជាង ៣ លាននាក់ ជីវចម្រុះជាង ៣០០ប្រភេទ និងជាប្រភពត្រីដ៏សំខាន់សម្រាប់ប្រទេស ដែលជួយទ្រទង់ដល់សេដ្ឋកិច្ចជាតិលើវិស័យជាច្រើន ដូចជាជលផល កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ទេសចរណ៍ ដឹកជញ្ជូន ការចិញ្ចឹមជីវិត និងទីតាំងសម្រាប់ការសិក្សាស្រាវជ្រាវទាំងជាតិ និងអន្តរជាតិ។
ទោះបីជា បឹងទន្លេសាបមានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏ប្រព័ន្ធអេកូឡូស៊ីបឹងបាន និងកំពុងប្រឈមរងការគំរាមកំហែងកាន់តែខ្លាំងតាមរយៈសកម្មភាពមនុស្ស និងធម្មជាតិ ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពុលទឹក ភ្លើងឆេះព្រៃ ការនេសាទខុសច្បាប់ ការធ្វើកសិកម្មដោយប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតលើសកម្រិត បម្រែបម្រួលគម្របដី ការប្រើប្រាស់ដី បម្រែបម្រួលអាកាសធាតុ និងការថយចុះនៃជីវៈចម្រុះ ជាដើម។
ឆ្លើយតបនឹងបញ្ហាប្រឈមទាំងអស់នេះហើយ ទើបរាជរដ្ឋាភិបាលបានផ្ដល់នូវអនុសាសន៍ណែនាំថ្មីៗ បន្ថែមទៀតដល់អាជ្ញាធរទន្លេសាប ដែលជាសេនាធិការផ្ទាល់ក្នុងការសម្របសម្រួល គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៏តំបន់បឹងទន្លេសាប និងក្រោមការដឹកនាំ ចង្អុលបង្ហាញពីលោក ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឲ្យបន្តធ្វើការផ្សព្វផ្សាយពីច្បាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាបទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងបានគូសផែនទីកំណត់ព្រំតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលកំណត់ព្រំតំបន់៣នៃដែនព្រៃលិចទឹក និងព្រៃលិចទឹកឡើងវិញ ក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប។
ជាក់ស្ដែង ថ្មីៗនេះ សមាជិករបស់អាជ្ញាធរទន្លេសាប ដែលមានក្រសួងចំនួន២៣ និងខេត្តទាំង៨ ជុំវិញតំបន់ទន្លេសាបបានជួបប្រជុំពិភាក្សាគ្នា និងមានដំណើរទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដើម្បីគិតគូរពីនីរន្តភាពតំបន់ទន្លេសាប ជាពិសេសទៅលើការគ្រប់គ្រងដើម្បីអភិរក្ស និងការគ្រប់គ្រងដើម្បីអភិវឌ្ឍ ក្នុងទិសដៅតែមួយ គឺធ្វើយ៉ាងណាធានាឳ្យបាននូវចីរភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងលើកទឹកចិត្តនិងជម្រុញដល់ប្រជាជនដែលរស់នៅក្នុងតំបន់បឹងទន្លេសាប ឳ្យឡើងមករស់នៅចិញ្ចឹមជីវិតនៅលើគោកវិញ ដើម្បីជួយបង្កើនរបៀងសេដ្ឋកិច្ចនៅតំបន់ជុំវិញបឹង និងខេត្តពាក់ព័ន្ធទាំង៨៕