(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រ​កាស​ដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារ​ម​ណី​យដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញ​សម្រាប់​​ភ្ញៀវទេសចរ។

ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូ​លទស្ស​នា​​រមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាល​ឌីជី​ថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយ​ដ្ឋាន​អង្គរ និងរមណីយដ្ឋាន​ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់​គ្រឹះ​ស្ថានអង្គរ ដែលជាសមិទ្ធ​ផល​ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹង​ប្រែង​ធ្វើ​ឱ្យ​ប្រសើរឡើង នូវការផ្តល់​សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់​ទាញទេសចរអន្តរជាតិ និង​ការលើក​កម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាង​​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី និងរដ្ឋមន្ត្រី អភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករ​ក្នុង​វិស័យទេសចរណ៍។

រាជ​រដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាសរសរស្តម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែល​មាន​ការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារ​ឡើង​វិញនៃឧស្សាហកម្មទេសចរណ៍ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភព​លោក និងទាក់ទាញអ្នកទេសចរអន្តរជាតិចូលទស្សនារង្វង់ជាងពីរលាននាក់ក្នុង​មួយ​ឆ្នាំ នៅមុនពេលជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។

រាជរដ្ឋាភិបាល​កម្ពុជា បានបង្កើត​គ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថាន​សាធារណៈរដ្ឋ​បាល​នៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៦, ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រង ការប្រ​មូល និងការបង់ចំណូល​ពីការ​លក់សំបុត្រចូល​ទស្សនារមណីយ​ដ្ឋានអង្គរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាអាណា​ព្យា​បាល​ហិរញ្ញវត្ថុ និងក្រសួងទេស​ចរណ៍, ជាអាណាព្យា​បាល​​បច្ចេកទេស។

អង្គភាពនេះ ​ជាស្ថាប័ន​ប្រមូលចំណូលមិនមែនសារពើរពន្ធថ្មីមួយរបស់​រាជរដ្ឋា​ភិបាល។ បន្ទាប់ពីការបង្កើត​គ្រឹះ​ស្ថាន​អង្គរភ្លាម គ្រឹះស្ថានអង្គរ បានរៀបចំអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន សម្រាប់​គ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនា​រមណីយដ្ឋានអង្គរ ដែលត្រូវ​បាន​ដាក់ឱ្យដំណើរការលើកដំបូងនៅចុងឆ្នាំ២០១៦ សំដៅកែលម្អសេវាលក់​សំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ​ឡើង សម្រាប់ទេសចរអន្តរជាតិ និងគ្រប់គ្រងការប្រមូលចំណូលឱ្យកាន់តែមាន​ភាព​ងាយ​ស្រួល, មានតម្លាភាព និង មាន​ប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ គ្រឹះ​ស្ថាន​​អង្គរ អាចគ្រប់គ្រងការ​លក់​សំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ បានកាន់តែ​រលូនល្អ ហើយបានអនុញ្ញាត​ឱ្យទេសចរ អាចទូទាត់ការបង់ប្រាក់តាមរយៈប្រព័ន្ធ​អេ​ឡិចត្រូនិក ជាមួយបណ្ណ​ឥណ​ទាន (Credit Card) ឬ បណ្ណឥណពន្ធ (Debit Card) នៅឆ្នាំ២០១៧ ដែលកាលពីមុននេះ ការទូទាត់ប្រាក់ ត្រូវបានធ្វើឡើងដោយ​ប្រើប្រាស់ក្រដាស​ប្រាក់ទាំង​ស្រុង។

ដើម្បីគ្រប់គ្រងទិន្នន័យបានច្បាស់លាស់, ធានាបានតម្លាភាព និងគណ​នេយ្យ​ភាព, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួន ឱ្យ​កាន់​តែទំនើប ដែលអាចផ្ដល់តួលេខលក់សំបុត្របានភ្លាមៗ (Real time) ជាសា​ធា​រ​ណៈនៅលើ​គេ​ហទំព័ររបស់ខ្លួន និងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨មក។ ដោយមើល​ឃើញពីតម្រូវការបន្ថែមរបស់ភ្ញៀវទេសចរ និងដើម្បីផ្ដល់ភាពកាន់​តែ​ងាយ​ស្រួលជូន​ដល់ភ្ញៀវទេសចរ ក្នុងការទិញសំបុត្របានគ្រប់ពេល និងគ្រប់​ទី​កន្លែង ដោយពុំចាំ​បាច់​មកតម្រង់ជួរនៅតាមបញ្ជរលក់សំបុត្រផ្ទាល់, គ្រឹះស្ថានអង្គរ​ក៏បានដាក់ឱ្យ​ដំណើរ​ការ​នូវ​ការលក់សំបុត្រតាមអនឡាញជាទម្រង់ Web Portal នៅលើគេហ​ទំព័រ​របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩មក។

ការដាក់ឱ្យចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកាលពីឆ្នាំ២០១៦ ដល់ ឆ្នាំ​២០១៩ អាចដោះស្រាយ និងសម្រួលមួយផ្នែកនៃនីតិវិធីចាស់, ក៏ប៉ុន្តែមិនបាន​ដោះ​ស្រាយ​ទាំង​ស្រុងនូវបញ្ហាប្រឈមដទៃទៀតឡើយ។ ការណ៍នេះ ទាមទារឱ្យមានការ​កែ​ទម្រង់ការលក់សំបុត្រ, ការកំណត់ឡើងវិញនូវទិន្នន័យ​ដែល​តម្រូ​វឱ្យទេសចរ​អន្ត​រ​ជាតិផ្ដល់ជូន និងការកំណត់ឡើងវិញនូវរំហូរ​នៃការ​ត្រួតពិនិត្យ​សំបុត្រផងដែរ។

នៅក្នុងបរិការណ៍នេះ គ្រឹះស្ថានអង្គរ បានសហការជិតស្និទ្ធជាមួយអគ្គលេខាធិការ​ដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ដោយមានការគាំទ្របច្ចេក​ទេស​បន្ថែមពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA ដើម្បីធ្វើការសិក្សាមួយ ស្តីពីការកែទម្រង់ ការគ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមណីយ​ដ្ឋាន​អង្គរឱ្យកាន់តែប្រសើរ និងការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាមួយ​ការ​ពិនិត្យលទ្ធភាពលុបចោលទាំងស្រុងនូវព័ត៌មានផ្ទាល់ខ្លួន ដែលធ្លាប់តម្រូវឱ្យ​ភ្ញៀវ​ទេស​ចរអន្តរជាតិផ្តល់ជូន។ ការសិក្សានេះ ត្រូវបានធ្វើឡើងយ៉ាងលម្អិត តាមរយៈ​ការ​ចុះសម្ភាសន៍ផ្ទាល់ និងការអង្កេតលើគ្រប់តួអង្គពាក់ព័ន្ធ។

ជាមួយនឹងលទ្ធផលនៃការសិក្សានេះ ដោយមានការពិគ្រោះយោបល់ ជាមួយវិស័យ​ឯក​ជន​ផងដែរ និងជាពិសេសដោយមានការណែនាំតម្រង់ទិសបន្ថែមដ៏ខ្ពង់ខ្ពស់ជា​បន្តបន្ទាប់ពីសំណាក់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, គម្រោងកែទម្រង់ប្រព័ន្ធ​លក់​សំបុត្ររបស់គ្រឹះស្ថានអង្គរ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងកើតចេញ​ជាផ្លែផ្កាដ៏ត្រចះត្រចង់នាថ្ងៃនេះ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍, រដ្ឋ​បាល​ខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំធ្វើការងារយ៉ាង​សស្រាក់​សសាំនៅក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាការខិតខំបង្កើតសមិទ្ធផលថ្មី ដែលបានឃើញនៅក្នុងថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ជាពិសេសចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់​ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលបានខិតខំអភិវឌ្ឍ និងអនុវត្តការកែ​ទម្រង់​ប្រព័ន្ធនេះរហូតសម្រេចបានជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿត បានគូសរំលេចថា ការដាក់ឱ្យអនុវត្តប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រនៅថ្ងៃនេះ គឺជាឧទាហរណ៍គំរូនៃភាពបុរេសកម្ម និងភាពច្នៃ​ប្រឌិត សម្រាប់វិស័យទេសចរណ៍នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជា​ដំណោះស្រាយ ដែលបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើ​ប្រាស់ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine), ប្រព័ន្ធលក់សំបុត្រអនឡាញ និងតាមរយៈម៉ូបាលអប (Mobile App) នៅ Google និង Apple store ដើម្បីជួយសម្រួល, កាត់បន្ថយពេល និងចំណាយ​ពាក់ព័ន្ធផ្សេងៗ របស់ភ្ញៀវទេសចរ។ ផលិតផលថ្មីនេះ ក៏ជាមធ្យោបាយដ៏សំខាន់​នៅ​ក្នុង​ការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលសម្រាប់រាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរដែលដាក់ឱ្យ​ដំណើរ​ការជាផ្លូវការនៅថ្ងៃនេះ បានអនុញ្ញាតឱ្យគ្រឹះស្ថាន អង្គរអាចកែសម្រួលនីតិវិធី​នៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍​ទំនើប​មក​ជំនួសវិញ ដែលអាចធ្វើឱ្យ​ការ​ត្រួតពិនិត្យបានគ្រប់ប្រាសាទទាំងអស់ ទោះបីជាសេវា​អ៊ីន​ធឺណិតនៅមាន​កម្រិត​ក៏ដោយ និងបានលុបបំបាត់នូវទីតាំង​ត្រួតពិនិត្យ​សំបុត្រ​ដែល​ជាន់គ្នា ដើម្បីសម្រួល និងកាត់បន្ថយផលរំខានដល់ភ្ញៀវទេសចរអន្តរជាតិ។ ដើម្បី​សម្រួលដល់ភ្ញៀវទេស​ចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនា​ចូលរម​ណីយ​ដ្ឋានអង្គរ, គ្រឹះស្ថានអង្គរ ក៏បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួន ពីប្រព័ន្ធលក់សំបុត្រ និងបានអភិ​វឌ្ឍ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់​សំបុត្រដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបាន​ដាក់​លើទីតាំងចំនួន៣កន្លែងរួមមាន៖

ទី១៖ នៅបញ្ជរលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦គ្រឿង, ទី២៖ នៅប៉ាវីអង្គរ ចំនួន ៦គ្រឿង, និងទី៣៖ នៅផ្សារទំនើបដ៏ហេរីថោកវ៉ក ចំនួន ៣គ្រឿង សរុបទាំងអស់​មានចំនួន ១៥គ្រឿង។

បន្ថែមលើនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូច​ជាប្រតិបត្តិករទេសចរ​ទាំង​អស់បន្ថែមទៀត, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើប​កម្ម​ប្រព័ន្ធ​លក់សំបុត្រអន​ឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញ​សំបុត្រ​ចូលទស្សនា​រម​ណី​យ​​ដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និង​បានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់​ងារ​ទេសចរចូលទិញសំបុត្រ​ចូលទស្សនា​រមណីយដ្ឋានអង្គរស្របតាមការវិវត្តន៍​នៃ​បច្ចេកវិទ្យាព័ត៌មាន។

ជាមួយនឹងវឌ្ឍនភាពបច្ចុប្បន្ននៃការងារកែទម្រង់របស់គ្រឹះ​ស្ថាន​អង្គរ, ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរទាំងអស់អាចទិញសំបុត្រ​ចូលទស្សនារមណីយ​ដ្ឋាន​អង្គរ បានតាមបួនរបៀបរួមមាន៖ ទី១) តាមអន​ឡាញ, ទី២) តាមម៉ូបាលអេប, ទី៣) តាមម៉ាស៊ីនស្វ័យប្រវត្តិ និងទី៤) តាម​បញ្ជរ​លក់​សំបុត្រ។ ការណ៍នេះបាន​ផ្ដល់​ភាពកាន់តែងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវ​ទេស​ចរអន្តរជាតិ ក៏ដូចជាគ្រប់ប្រតិបត្តិ​ករ​ទេសចរទាំងអស់ផងដែរ។

យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ​គ្រឹះស្ថានអង្គរ​បានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន ១លាន ២ម៉ឺននាក់ កើនបាន ២៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទទួលបាន​ចំណូលជិត ៤៨លានដុល្លារ កើនបាន ២៨,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។

របាយការណ៍បានឱ្យដឹងដែរថា ការលក់សំបុត្រនៅប្រាសាទកោះកែរ បានចំណូល​ចំនួន ៣២៩ពាន់ដុល្លារ មានកំណើន ៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងចំណូល​ពីការលក់សំបុត្រទូកទស្សនាតំបន់បឹងទន្លេសាប នៅចុងឃ្លៀស បានទទួល ចំណូលចំនួន ១,៤៣លានដុល្លារ មានកំណើន ៣៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ បានបង់ថ្លៃសេវាឈ្នួលទូកដល់សមាគមន៍ទូកចុងឃ្លៀសចំនួន ០,៦២លានដុល្លារ។

ជារួមសម្រាប់ឆ្នាំ២០២៤, គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបានចំនួនជិត ៥០ លាន​ដុល្លារ ដែលក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាមានចំនួន ២,០៤ លានដុល្លារ៕