(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ករណីរឿងក្តាម រឿងបាយឆា ដែលកើតឡើង និងល្បីនៅលើបណ្តាញសង្គម នាពេលកន្លងមក គឺជារឿងតូច ប៉ុន្តែវាបានជះរូបភាពមិនល្អសម្រាប់វិស័យទេសចរណ៍ ដែលត្រូវរួមគ្នាដោះស្រាយ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលចុងក្រោយនេះ យើងក៏មានស្នាមមួយដែលចេញពីប្រព័ន្ធសង្គម ដូចជាចេញពីករណីក្តាម បាយឆា និងតម្លៃផ្សេងៗ ដែលនាំឱ្យអាក់អន់ស្រពន់ចិត្ត នេះជារឿងតូច ក៏ប៉ុន្តែយើងទាំងអស់គ្នា ត្រូវចាត់ទុកថា តូចក៏ពិតមែន ក៏ប៉ុន្តែយើងប្តេជ្ញាចិត្តថា មិនគួរគប្បីឱ្យកើតទៀតនោះទេ នេះជារឿងមួយដែលត្រូវរួមគ្នាដោះស្រាយ»

ជុំវិញករណីនេះដែរ លោកបានផ្តល់អនុសាសន៍ដល់ប្រតិបត្តិករ និងអ្នកលក់ដូរនានា នៅតាមតំបន់ទេសចរណ៍ ត្រូវសិក្សា និងដកបទពិសោធន៍ពីប្រទេសជិតខាង និងក្នុងតំបន់ ព្រោះការលក់ដូរទោះបីជាស្ថិតក្នុងជីវភាពណាក៏ដោយ គឺគេទាមទារ ៣ចំណុច គឺ៖ទឺ១.តម្លៃ ទី២. អនាម័យ និងទី៣.មានរបៀបរបប ដែលជាកត្តាជំរុញឱ្យកាន់តែឱ្យការទាក់ទាញ និងមានភាពជឿជាក់ពីភ្ញៀវទេសចរ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានមានប្រសាសន៍ថា វិស័យទេសចរណ៍ គឺជាកិច្ចការអន្តរវិស័យដែលត្រូវចូលរួមគ្រប់ភាគីទាំងអស់ ពោលគឺ ដើម្បីទាក់ទាញភ្ញៀវទេសចរ មិនមែនតែជាកិច្ចការដោយឡែករបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍នោះទេ តែជាកិច្ចការអន្តរវិស័យ និងត្រូវការការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចូលរួមទទួលខុសត្រូវលើការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យ។

ជាមួយគ្នានេះ ប្រតិបត្តិករ អ្នកលក់ដូរនៅតាមតំបន់ទេសចរណ៍ រួមជាមួយមន្រ្តីភ្នាក់ងារទេសចរណ៍ ក៏ត្រូវចូលរួមផងដែរ គឺត្រូវមានភាពរួសរាយរាក់ទាក់ តែត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថប្រពៃណីឱ្យជាប់៕