(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កម្ពុជាចាត់បញ្ជូនយុវជនវ័យក្មេងចំនួន៤រូប ឱ្យចូលរួមបណ្តាញ​យុវជនស្តីពីកម្មវិធី​ទប់ស្កាត់​គ្រឿងញៀនលើក​ទី​៤ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃ និងកម្ពុជា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា ការិយាល័យ ONCB ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលរៀបចំកម្មវិធីបណ្តាញយុវជនស្តីពី​កម្មវិធី​ទប់ស្កាត់​គ្រឿងញៀនលើក​ទី៤ ដែលមានប្រទេសចូលរួមចំនួន១២ ក្នុងនោះយុវជនមកពីបណ្ដាប្រទេសអាស៊ានទាំង១០ បូកទីម័រឡេស្តេ បូកចិន សរុប៦០រូប ហើយប្រតិភូបណ្ដាញយុវជនលើកទី៤ នេះនឹងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅលើទឹកដីកម្ពុជាគឺនៅលើទឹកដី នៅខេត្តសៀមរាបចំនួន៣ ថ្ងៃគឺពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រៅពីការចែករំលែកនូវបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការបង្ការបញ្ហាគ្រឿងញៀននោះ គឺមានកម្មវិធីទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនៅលើភ្នំប្រាសាទបាខែងបន្ថែមទៀត។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាន និងជាអ្នកសម្របសម្រួលដឹកនាំយុវជនកម្ពុជាទៅចូលរួមក្នុងកម្មវិធីនោះបានបញ្ជាក់ បន្ថែមថា កម្ពុជានឹងចែករំលែកបទពិសោធន៍ពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលបង្ហាញដោយយុវជនរបស់យើង ក្នុងនោះកម្ពុជាក៏នឹងលើកយកពីចំណុចលេចធ្លោនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសគឺការដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ឈ្មោះApp NoDrug៕