(បាងកក)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង «សន្និសីទនិងពិព័រណ៍សន្តិសុខសាយប័រអាស៊ី និងកម្មវិធីសន្តិសុខសាយប័រអន្តរជាតិរបស់ប្រទេសថៃ ឆ្នាំ២០២៥ - Cybersec Asia X Thailand International Cyber Week 2025» នៅទីក្រុងបាងកក ប្រទេសថៃ។

កម្មវិធីនេះរៀបចំឡើងដោយអគ្គលេខាធិការនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិនៃប្រទេសថៃ (National Cybersecurity Agency Thailand-NCSA) ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ វិស័យឯកជន និងអ្នកស្រាវជ្រាវក្នុងវិស័យឌីជីថល ផ្លាស់ប្តូរនិងចែករំលែកការយល់ដឹង ព្រមទាំងពិព័រណ៍បច្ចេកវិទ្យាថ្មីៗនិងដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងហានិភ័យសន្តិសុខសាយប័រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពីបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនិងតំណាងជំនាញសាយប័រនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត។

ដោយក្នុងនោះ លោករដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ ដែលជាបញ្ហាប្រឈមឆ្លងដែន អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិនិងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាកត្តាចាំបាច់សម្រាប់ការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ មានជាអាទិ៍ ការចែករំលែកពត៌មាន បទពិសោធ និងឧត្តមានុវត្ត ព្រមទាំងការចូលរួមអនុវត្តលំហាត់សាយប័ររួមគ្នា ពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងន័យលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រក្នុងកម្រិតជាតិនិងអន្តរជាតិ៕