(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផាន់ សារ៉ា អាយុ៥០ឆ្នាំ អនុប្រធានស្ដីទីគណបក្សកម្លាំងជាតិខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលមានចេតនាញុះញង់ នាំឲ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលប្រព្រឹត្តកាលពីពេលកន្លងទៅនេះ។

ជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមប្រាកដមែន។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សារ៉ាត់ ខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យ ផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕