(ភ្នំពេញ)៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលី សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4) នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំកម្ពុជា។
ក្នុងនោះលោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលីចំនួន២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នៅតែបន្តរក្សាសន្ទុះ និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគតកម្ពុជាមួយដែលគ្មានមីន ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងដោះស្រាយបញ្ហាមីននៅកម្ពុជា។ ថវិកាជាង១០០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង៣៥លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ទៀតថា រាល់ចម្ការមីនដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែលយើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាគ្មានមីន។ យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរបុរាណបានពោលថា “ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ។
លោកទេសរដ្ឋមន្រ្តីបន្តទៀតថា ជាក់ស្តែងក្នុងភាពជាដៃគូយ៉ាងរឹងមាំរវាងកម្ពុជា អូស្រ្តាលី និង UNDP បានភ្ជាប់នូវកម្លាំង ធនធាន និងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើតនូវចំណងដែលមិនអាចបំបែកបានក្នុងការបម្រើសុវត្ថិភាព វិបុលភាពរបស់ប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការប្តេជ្ញាចិត្ត និងបន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦មក បានរំដោះផ្ទៃដីមានមីនចំនួន៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង១.២លាននាក់៕