(កំពង់ធំ)៖ លោក ងួន រាសី ប្រធានយុវជនគណបក្សកម្ពុជាខេត្តកំពង់ធំ ជំរុញឲ្យសមាជិក សមាជិកាយុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង។
លោក ងួន រាសី បានថ្លែងក្នុងកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅស្នាក់ការគណបក្សខេត្ត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលមានសមាជិក សមាជិកាប្រមាណ១០៦រូប។
លោកបន្តថា សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមគោរពអនុវត្តទៅតាមការបែងចែកតួនាទីភារកិច្ចឲ្យបានល្អប្រសើរ ពិសេសត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ អោយរីកចំរើនបន្ថែមទៀត។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាត ចំពោះចលនាបដិវត្តពណ៌។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រឹកយុវជនបក្សមូលដ្ឋានដើម្បីយកប្រៀបឈ្នះនៅការបោះឆ្នោតពេលខាងមុខ។។
លោកបន្តទៀតថាយុវជនប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ពង្រឹងនិងពង្រីកយុវជនបក្សអោយបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង។
លោក ងួន រាសី បញ្ជាក់ថាយុវជនយល់ឱ្យបានច្បាស់អំពីលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងចូលរួមគ្រប់សកម្មភាពដោយមានការទទួលខុសត្រូវខ្ពស់៕