(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរីទទួលបានការឧបត្ថម្ភថវិកា៥ពាន់ដុល្លារពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សម្រាប់ប្រើប្រាស់សាងសង់បណ្ណាល័យនៅមាត់បឹងកន្សែងក្រុងបានលុង។ នេះបើតាមលោក គុជ ចិន្តា នាយករងរដ្ឋបាលខេត្តរតនគិរី ថ្លែងប្រាប់ភ្នាក់ងារFresh News នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
លោក គុជ ចិន្តាបន្តថា ក្រោមការផ្តួចផ្តើមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បណ្ណាល័យនេះមានបណ្តោយ២០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាក់ប្លង់សេផ្ទៃលើផែ មានបន្ទប់ទឹកប្រុស-ស្រី មានសៀវភៅសម្រាប់អាន និងបំពាក់បរិក្ខាផ្សេងៗទៀត។
មានទីតាំងប្រកលើមាត់បឹងកន្សែងស្ថិតនៅចំកណ្តាលបេះដូងក្រុងបានលុងនៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីដ្ឋានស្អាត សោភ័ណភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ ដោយលោក ញ៉ែម សំអឿន បានដាក់ចេញគម្រោងរៀបចំកែលម្អបរិវេណមាត់បឹងកន្សែងដ៏ស្រស់ស្អាតនេះឡើងវិញ រួមមាន៖
* កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង
* រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ
* សាងសង់រូបសំណាកគ្រួសារដំរី
* រូបសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សីរំលេចក្នុងបទចម្រៀងអធិរាជសម្លេងមាស(អកបឹងកន្សែង)
* ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ ឧបករណ៍សម្រាប់ក្មេងជិះលេងតាមតាមបឹង
* ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
លោក គុជ ចិន្តា បញ្ជាក់ឲ្យដឹងទៀតថាដោយមើលឃើញពីគុណប្រយោជន៍លើការបង្កើននូវពុទ្ធិពង្រឹងស្មារតី និងចំណេះដឹង ហើយការអានសៀវភៅគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីផ្លាស់ប្តូរខ្លួនឯង សូមលើកទឹកចិត្តដល់សិស្ស និស្សិត យុវជនត្រូវស្រឡាញ់ការអានសៀវភៅ,ទើបលោក ញ៉ែម សំអឿន បានផ្តួចផ្តើមសាងសង់បណ្តាល័យនៅទីនោះបន្ថែមទៀត។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងអំណរគុណជូនចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាសម្រាប់ចាត់ចែងសាងសង់បណ្ណាល័យនៅមាត់បឹងកន្សែង និងសប្បុរសជនដទៃទៀត ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមចំណែកដល់គម្រោងខាងលើនេះ ឲ្យសម្រេចបានលទ្ធផលល្អ ពោលគឺរួចរាល់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខនេះ៕