(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៣១គ្រួសារ នៅ៤ទីតាំង លើពីរឃុំគឺឃុំអណ្តូងពោធិ៍ និងឃុំសូយោង ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារទាំងអស់ដោយក្តីនឹករឭក។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
លោកក៏បានថ្លែងអំណរគុណអាជ្ញាធរភូមិ ឃុំ ដែលបានចុះជាប់ជាមួយប្រជាពលរដ្ឋ ព្រមទាំងបានរាយការណ៍មកស្រុកអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ លោកអភិបាលបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ពិសេសចាស់ៗ ព្រោះរដូវនេះអាកាសធាតុចុះត្រជាក់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រដែលបានទទួលអំណោយទាំង៣១គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ៕