(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងវិទ្យាល័យ ហ៊ុនសែន មណ្ឌលគីរី ក្រុងសែនមនោរម្យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីអគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន, អគ្គនាយក នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ តំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងអង្គការ WWF ចំនួន ៤៥០នាក់។

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្តមណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។

លោកក៏បានក្រើនរម្លឹកក្មួយៗសិស្សានុសិស្សត្រូវខិត្តខំរៀនសូត្រនូវមុខវិជ្ជានានាដើម្បីក្លាយជាធនធានដែលមិនអាចខ្វះបានរបស់ប្រទេសជាតិ ដែលក្នុងនោះប្រសិនបើប្អូនៗមានចំណេះវិជ្ជា នោះអាចជាចលករមួយជួយដល់វិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សម្រាប់ប្រជាជាតិទាំងមូល។

លោក ជួប ប៉ារីស៍ បានកោតសរសើរនូវកិច្ចសហការនៃការរៀបចំកម្មវិធី រវាងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ជាមួយ WWF ដែលជាការកៀរគរនូវដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រដល់វិធានការ និងគោលនយោបាយនានារបស់ក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

សម្រាប់លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានស្វាគមន៍ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ លោកសង្ឃឹមថាតាមរយៈយុទ្ធនាការនេះប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បន្តសកម្មភាព រៀបចំឱ្យមូលដ្ឋាន សាលារៀន ទីសាធារណៈ គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយរួមចំណែកឱ្យទីប្រជុំជន និងមូលស្អាតធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ។

ក្នុងនាមគណៈអភិបាលខេត្តមណ្ឌលគិរី, លោក ងិន សុវិមាន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម ឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

បើតាមលោក Dipankar Chyau Patnaik នាយកកម្មវិធីអភិរក្សនៃអង្គការ WWF-កម្ពុជា បានគាំទ្រនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព។

លោក Dipankar Chyau Patnaik បានលើកឡើងថា កន្លងមកអង្គការ WWF មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន ជាពិសេសការជួយពង្រឹងគុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ ដែលបានចូលរួមចំណែកដល់វិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។

បន្ថែមពីនេះ លោក Dipankar Chyauv Patnaik រីករាយជាសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញនូវការអនុវត្តសកម្មភាពនានា ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសសកម្មភាពជាមួយសិស្សានុសិស្សនាថ្ងៃនេះ «យើងមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តមណ្ឌលគីរីនាពេលនេះ ដែលជាសក្ខីភាពក្នុងការលើកកម្ពស់ធនធានធម្មជាតិ និងបរិស្ថាន នៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណងរួមមាន៖

ទី១៖ ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ទី២៖ ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត
ទី៣៖ ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍
និង៤៖ កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕