(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកការបរិច្ចាគឈាម ជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស ដោយសារតែជារៀងរាល់ថ្ងៃនេះ មានអ្នកជំងឺនៅតាម មន្ទីរពេទ្យនានា ត្រូវការឈាមជាចាំបាច់បំផុតក្នុងមួយថ្ងៃៗ ដើម្បីយកមកសង្គ្រោះជីវិតជនរងគ្រោះ។

អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

អភិបាលខេត្តបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស និងយុវជន ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងការមកចូលរួមបរិច្ចាគឈាម បានកាន់តែច្រើនឡើង។ 

លោកបានកោតសរសើរ និងលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការ ឈាមជាចាំបាច់។

អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវជន សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តនាពេលនេះ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មានអ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ។

សូមបញ្ជាក់ថា ចំពោះការបរិច្ចាគឈាម គឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង មានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ ហើយក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តរយៈពេលមួយព្រឹកនេះ គឺទទួលបានឈាមប្រមាណ ៦១ផ្លោក៕