(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី និងលក្ខខណ្ឌក្នុងការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគម និងប្រតិបត្តិករទេសចរណ៍។
សិក្ខានេះរៀបចំឡើងក្នុងគោលបំណងប្រមូលមតិយោបល់ជាធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យសេចក្ដីព្រាងប្រកាសនេះអាចដាក់ឱ្យអនុវត្តបានប្រកបដោយសុខដុមនីយកម្មនិងទទួលបានប្រសិទ្ធភាពខ្ពស់អនុលោមតាមខ្លឹមសារមាត្រា៦៣នៃច្បាប់ស្ដីពីទេសចរណ៍ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល៧ ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលេជាយន្តការមិនអាចខ្វះបាននិងមានប្រសិទ្ធភាពក្នុងការគាំទ្រពិពិធកម្មនិងកំណើន និងការបន្តពង្រឹងការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, ការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព គ្មានការរើសអើង តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មី និងការបង្កើតផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី និងលក្ខខណ្ឌក្នុងការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍ មានគោលដៅពង្រឹងគុណភាពសេវាកម្មនិងផលិតផលទេសចរណ៍ ជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍ និងទប់ស្កាត់បទល្មើសទេសចរណ៍។
រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ជាងពីរទស្សវត្សរ៍មកនេះ វិស័យទេសចរណ៍កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះគួរឱ្យកត់សម្គាល់ក្នុងអត្រាកំណើនមធ្យម១២%ក្នុងមួយឆ្នាំ។
ជាក់ស្តែងនៅឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៦,៧លាននាក់ មានសន្ទុះកើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩(មុនវិបត្តិកូវីដ-១៩) និងបាននាំមកនូវប្រាក់ចំណូលជិត ៤ ពាន់លានដុល្លារអាមេរិក (៣.៦៣៧លានដុល្លារអាមេរិក)។ ដោយឡែកទេសចរជាតិបានធ្វើដំណើរកម្សាន្ត មានចំនួនប្រមាណជាង ២២លាននាក់ (២២.៥២លាននាក់) មានការកើនឡើង ១៩%៕