(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ គីម អ៉ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេក។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាព លោកជំទាវ គីម អ៉ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេក ឯកឧត្តម និង លោកជំទាវ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សង្វេកអាឡោះអាល័យនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីទួតជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូបដែលតែងតែខិតខំ ចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។ លើសពីនេះទៅទៀតនោះ មរណភាពលោកជំទាវ គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមានសទ្ធា ជ្រះថ្លាក្រៃលែង ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ជារៀងរហូតមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ គីម អ៊ីសាបែល សូមបានទៅ ចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕