(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត។

សន្និបាតនេះ ធ្វេីឡេីងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

តាមការគ្រោងទុកសន្និបាត នឹងរៀបចំបិទក្រោមអធិបតីភាពសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

បេីតាមលោក ជា វ៉ាន់ដេត, ឆ្នាំ២០២០-២០២៤ គឺជាអំឡុងពេលដែលប្រទេសកម្ពុជាបានប្រឈមមុខនិងប្រយុទ្ធប្រឆាំងជាមួយ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានដាក់សម្ពាធនិងបង្កហានិភ័យមកលើសុខភាព អាយុជីវិត និងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់យកគំនិតផ្តួចផ្តើមប្រកបដោយ ការទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាអាទិ៍ ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ប្រព័ន្ធចាក់វ៉ាក់សាំងកូវីដ-១៩ និងការនាំចូលនិងចែកចាយឧបករណ៍តេស្តរហ័សនិងឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏គ្រោះថ្នាក់នោះ។

ក្នុងកាលៈទេសៈនោះផងដែរ ក្រសួងបានសកម្មក្នុងការគិតគូរនិងកែប្រែសភាពការណ៍វិបត្តិឱ្យទៅជា កាលានុវត្តភាពសម្រាប់ការអនុវត្តការងាររបស់ក្រសួងតាមគន្លងប្រក្រតីភាពថ្មី ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រកិច្ចការកែទម្រង់របស់ខ្លួន។

ក្រសួងបានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពកាងារ។

អាស្រ័យហេតុនេះ ក្រសួងពិតជាមានមោទនភាព ដែលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ជាមួយនឹងការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួង សម្រេចបានការកែលម្អនិងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និងការគ្រប់គ្រងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។

ជាលទ្ធផល ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាល ដែល ធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ៕