(ពោធិ៍សាត់)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានទាញការចាប់អារម្មណ៍របស់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងយល់អំពីទុក្ខលំបាករបស់សិស្សគ្រប់រូប ប្រៀបដូចជាទុក្ខព្រួយផ្ទាល់របស់គ្រូបង្រៀន។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងវត្តមានរបស់ លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុកនៃខេត្តទាំងពីរ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សសរុបប្រមាណជាង ៦០០នាក់ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលរៀបចំរួមគ្នានៅសាលាខេត្តពោធិ៍សាត់។
លោកទេសរដ្ឋមន្ដ្រី ប្រធានលេខាធិការដ្ឋាន បានសង្កត់ធ្ងន់ថា គណៈគ្រប់គ្រង និងគ្រូបង្រៀន គឺជាតួអង្គសំខាន់នៃការជំរុញវិធានការគន្លឹះឲ្យទទួលបានជោគជ័យ តាមរយៈការលើកទឹកចិត្ត និងបង្កលក្ខណៈអំណោយផលដល់ការរៀនសូត្ររបស់សិស្ស។ ដូច្នេះ ទង្វើឬឥរិយាបថអ្វីមួយរបស់គ្រូបង្រៀនចំពោះសិស្សត្រូវតែថ្លឹងថ្លែងហេតុផល និងចៀសវាងការប៉ះពាល់កត្តាចិត្តសាស្ត្រ ឬជះឥទ្ធិពលអវិជ្ជមាន។ ជាពិសេស គ្រូបង្រៀនត្រូវតែយកចិត្តទុកដាក់ដើម្បីជួយអប់រំទូន្មានសិស្សឲ្យបានល្អ ដោយត្រូវតែយល់និងស្គាល់អំពីទុក្ខលំបាករបស់សិស្សគ្រប់រូប ប្រៀបដូចជាទុក្ខព្រួយផ្ទាល់របស់គ្រូបង្រៀន ដែលត្រូវជួយរិះរកវិធីដោះស្រាយ និងចៀសវាងការវិនិច្ឆ័យខុសដែលនាំឲ្យបាត់បង់ឱកាស ឬខូចអនាគតរបស់សិស្ស។
លោកទេសរដ្ឋមន្ដ្រី ពេជ សោភ័ន បានបន្តថា វិធានការគន្លឹះ គ.វ.អ. ដែលកំពុងអនុវត្តនៅតាមសាលាគោលដៅទូទាំងប្រទេសនាពេលនេះមានចំនួនសរុប ១៦១សាលា ដែលផ្តោតលើការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស ជាពិសេសការបង្កើនម៉ោងសិក្សាចំនួន ២ម៉ោងក្នុង១ថ្ងៃ ដោយមិនយកប្រាក់ពីឪពុកម្តាយសិស្សនោះទេ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអន្តរាគមន៍ចំពោះពង្រឹងគុណភាពការអប់រំកម្រិតបឋមសិក្សា ជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងមូលដ្ឋានគ្រឹះនៃមូលធនមនុស្ស សម្រាប់ផ្សារភ្ជាប់ទៅគោលដៅសិក្សានៅថ្នាក់ខ្ពស់ និងការចូលទីផ្សារការងារប្រកបដោយចំណេះដឹងនិងជំនាញសមស្រប។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានលើកឡើងថា ខេត្តពោធិ៍សាត់ពិតជាមានមោទនភាព និងក្តីសប្បាយដោយមានសាលាបឋមសិក្សាចំនួន ៤ សាលា ត្រូវបានជ្រើសរើសដាក់ឲ្យអនុវត្តវិធានការគន្លឹះ គ.វ.អ. ដើម្បីកែប្រែមុខមាត់ថ្មីក្នុងវិស័យអប់រំក្នុងខេត្ត ខេត្តនឹងខិតខំជួយគាំទ្រដល់សាលាគោលដៅទាំង ៤ ឲ្យអនុវត្តវិធានការដោយរលូននិងជោគជ័យ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានគូសបញ្ជាក់ថា កន្លងមក សាលាគោលដៅក្នុងខេត្តកំពង់ឆ្នាំងបាននិងកំពុងអនុវត្តដោយទទួលបានជោគជ័យខ្ពស់ចំពោះវិធានការគន្លឹះទាំង៤ របស់ គ.វ.អ. ជាពិសេសការកៀរគរជំរុញការចូលរួមពីសហគមន៍ក្នុងការជួយបរិច្ចាគឬឧបត្ថម្ភគាំទ្រដល់សាលាតាមទាំងកម្លាំងកាយចិត្ត ធនធាន និងសម្ភារៈមានសំទុះខ្លាំងក្លាបំផុត។
សូមជម្រាបថា យុទ្ធនាការគាំទ្រសាលារៀនគោលដៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ.) គឺជាយន្តការជំរុញ និងផ្តល់ការគាំទ្រយ៉ាងសកម្មបំផុតដល់សាលាបឋមសិក្សានៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ២០សាលាដែលជាសាលាគោលដៅកំពុងអនុវត្តវិធានការគន្លឹះគ.វ.អ.ស្រាប់ និងសាលាដែលទើបបានជ្រើសរើសបន្ថែមថ្មី។
ក្នុងឱកាសនៃយុទ្ធនាការនេះ ក៏មានសាលាចំនួន៤ នៅក្នុងខេត្តពោធិ៍សាត់ដែលមិនទាន់ត្រូវបានជ្រើសរើសជាសាលាគោលដៅ គ.វ.អ. ប៉ុន្តែ គណៈគ្រប់គ្រង និងគ្រូបង្រៀនទាំងអស់ប្រមាណជិត២០០នាក់ មានចំណាប់អារម្មណ៍ និងឆន្ទៈខ្ពស់ក្នុងការចូលរួមស្តាប់ពីការផ្សព្វផ្សាយក្នុងយុទ្ធនាការ និងចូលរួមអនុវត្តវិធានការគន្លឹះ គ.វ.អ. ជាបណ្តើរៗតាមវិធីសាស្ត្រផ្ការីក គឺការស្ម័គ្រចិត្តរៀនសូត្រតាមទោះបីមិនទាន់ក្លាយជាសាលាគោលដៅក៏ដោយ។
យុទ្ធនាការគាំទ្រសាលាគោលដៅបានប្រព្រឹត្តទៅដោយរលូន ដោយមានតំណាងគ្រូបង្គោល គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ប្តេជ្ញាខិតខំអនុវត្តវិធានការគន្លឹះឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយសន្យាជួយជំរុញការផ្សព្វផ្សាយវិធានការគន្លឹះទៅដល់សាលាផ្សេងទៀតតាមវិធីសាស្ត្រផ្ការីក ជាបន្តបន្ទាប់ឲ្យបានច្រើនបំផុត ដើម្បីចូលរួមចំណែកសម្រេចនូវការកែទម្រង់វិស័យអប់រំជាមួយរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី និងលេខាធិការដ្ឋាន គ.វ.អ.៕