(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ការបញ្ជូន​កងកម្លាំងរបស់កម្ពុជា ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាវិភាគទានដ៏ថ្លៃថ្លារបស់កម្ពុជា ដើម្បីបុព្វហេតុសន្តិភាពពិភពលោក ក្នុងនាមជាប្រទេសធ្លាប់រងទុក្ខវេទនា​ដោយសារសង្គ្រាម។

នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាល ​និងជូនដំណើរកងរាជអាវុធហត្ថ ៣កង ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋលីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះថា «កម្ពុជាពីមុនជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០០៦មក កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូន​កងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះគឺជាវិភាគទានដ៏ថ្លៃថ្លារបស់កម្ពុជា ដើម្បីបុព្វហេតុសន្តិភាពលើលោក ក្នុងនាមជាប្រទេសធ្លាប់រងទុក្ខវេទនាដោយសារសង្គ្រាម។ កម្ពុជាបានផ្លាស់ប្តូរពីសង្គ្រាមមកសន្តិភាព កម្ពុជាបានផ្លាស់ប្តូរទៅរកការអភិវឌ្ឍន៍រីកចម្រើន ដែលកើតចេញពីកត្តាសុខសន្តិភាព ហើយធ្វើឱ្យកម្ពុជាឈរយ៉ាងខ្ពស់ត្រដែត ស្មើសិទ្ធិ ស្មើមុខក្នុងការប្រកួតប្រជែង​ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចប្បន្នជាប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព មានការឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ លើសពីនេះកម្ពុជាបាននិងកំពុងលើកស្ទួយនីតិរដ្ឋ លើកកម្ពស់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការតភ្ជាប់ខាងផ្នែករូបវន្ត ជាមួយបណ្តាប្រទេសក្នុងតំបន់ និងការអនុវត្តយ៉ាងសកម្មនិងស៊ីជម្រៅនូវកំណែទម្រង់រដ្ឋសំខាន់ៗ ជាពិសេសធានាបានចីរភាពនៃសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាគោលដៅទាក់ទាញ ជាទីទំនុកចិត្តរបស់វិនិយោគិន និងទេសចរទូទាំងពិភពលោក។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្ត ថែរក្សាការពារសន្តិភាព និងស្ថេរភាព ជូនប្រជាជាតិទាំងមូល។

នាយឧត្តមសេនីយ៍បន្តថា រាជរដ្ឋាភិបាលក៏បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងគោលដៅនិរន្តរភាពនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្តវិភាគទានរួមចំណែក​ជាមួយសហគមន៍​អន្តរជាតិ ​ក្នុងបុព្វហេតុសន្តិភាពនៅលើពិភពលោក និងបានត្រៀមកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច ដើម្បីផ្តល់ការគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាព ជាក់ស្តែងតាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានប្តេជ្ញាជំរុញបង្កើនការប្រើប្រាស់កម្លាំងជានារី សម្រាប់ធានានិរន្តរភាពនៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែងផងដែរ៕