(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងអនុវត្តផែនការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ។
សូមបញ្ជាក់ថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។
ជាក់ស្ដែង សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ ក្រឡា» មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖
ទី១៖ គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។
ទី២៖ ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្តបៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ។
បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្រ្ត សម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕