(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាប្រធាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានការអញ្ជើញជាអធិបតីភាព ពីលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក លោកស្រី ទីប្រឹក្សាយុវជន និងមានការចូលរួមពី គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៤ នាក់, ស្រី ១៧ នាក់។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅវិទ្យាល័យតាវែង ក្នុងភូមិតាវែង  ឃុំតាវែងលើ  ស្រុកតាវែង ខេត្តរតនគិរី មានរយៈពេលមួយថ្ងៃពេញដោយផ្ដោតលើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១៖ ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២៖ គោលការណ៍គ្រឹះទាំង៧ប្រការ
៣៖ ការប្រើប្រាស់បដិរូប
៤៖ គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥៖ ការបង្កើតក្លឹបយុវជន កាកបាទក្រហមកម្ពុជា
៦៖ វិជ្ជាសង្គ្រោះបឋម
៧៖ បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ ការងារសុខភាព និងការកេងប្រវញ្ជផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ក្នុងឳកាសនោះ លោក ឌឹម ណាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ក្មួយៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សា ស្ម័គ្រចិត្តចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌។

ជាមួយគ្នានេះលោកនាយកសាខា ក៏បានជម្រាបជូនពីគោលបំណងនៃការបើកវគ្គបំប៉នជាមូលដ្ឋាននេះថា ក្នុងនាមយុវជនកាកបាទក្រហម គឺជាឆ្អឹងខ្នងរបស់កាកបាទក្រហម ជាតំណាងកាកបាទក្រហមនៅតាមគ្រឹះស្ថានអប់រំ ប្អូនៗត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីតួនាទីរបស់ខ្លួន យល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សកម្មភាពការងារមនុស្សធម៌ ប្រវត្តិកាកបាទក្រហមកម្ពុជា គោលនយោបាយយុវជនកាកបាទក្រហម និងវិជ្ចាសង្គ្រោះបឋម ដើម្បីក្លាយជាយុវជនកាកបាទក្រហមពេញលក្ខណៈ និងមានសមត្ថភាព ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ដល់សហគមន៍ និងសាលារៀន។

លោកនាយកបានបន្តទៀតថា យុវជនកាកបាទក្រហម គឺជាភ្នាក់នៃការផ្លាស់ប្តូរជាវិជ្ជមាន ជាកោសិកាសង្គម ជាគំរូសម្រាប់អ្នកជុំវិញខ្លួនយើង ដោយប្អូនៗត្រូវប្រកាន់ខ្ជាប់នូវវិន័យល្អ ទម្លាប់ល្អ ភាពស្មោះត្រង់ ភាពក្លាហាន ចេះគួសម ចេះស្តាប់ឱវាទ ប្រឹងប្រែងរៀនសូត្រ ពិសេសគឺប្អូនៗត្រូវឈានមុខគេ ក្នុងការចូលរួមចំណែកការងារសង្គម ការងារមិត្តអប់រំមិត្ត គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន និងចូលរួមសម្អាតអនាម័យបិរស្ថាន ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

ជាងនេះទៅទៀត យុវជនត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការពារខ្លួនពីជំងឺមិនឆ្លង (តិចខ្លាញ់ តិចអំបិលស្ករ ហាត់ប្រាណជាប្រចាំ) ដើម្បីមានសុខភាពល្អ ជួយខ្លួនឯង ជួយគ្រួសារ និងក្លាយជាកោសិកាដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ៕