(កណ្ដាល)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងរយៈពេល ១៧ខែ ក្រោយពេលដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឡើងដឹកនាំ និងដាក់ចេញនូវកម្មវិធីអាទិភាពទាំង៦ ជាពិសេសការថែទាំសុខភាពនោះ ប.ស.ស បានកើនឡើងនូវសមាជិកថ្មីបន្ថែមជាង១លាននាក់។

ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភ ឆ្នាំ២០២៥នេះ ក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺមិន ឆ្លងដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន» ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល ១៧ខែ ក្រោយពេលដែលសម្ដេចធិបតីបានឡើងដឹកនាំនិងដាក់ចេញនូវកម្មវិធីអាទិភាពទាំង៦ ជាពិសេសការថែទាំសុខភាពសមាជិក គឺ ប.ស.ស បានកើនឡើងសមាជិកបន្ថែមជាង១លាននាក់ហើយ»

លោកបានបន្តថា នៅខែសីហា ឆ្នាំ២០២៣ សមាជិក ប.ស.ស នៅក្នុងវិស័យផ្នែកថែទាំសុខភាពនេះ មានត្រឹមតែ ១លាន ៧សែននាក់ទេ ប៉ុន្តែឥឡូវនេះមានរហូតទៅដល់ ២ លាន ៧សែននាក់។

«អីចឹងមានន័យថាតែ ១៧ខែទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទាញប្រជាពលរដ្ឋជាង ១លាននាក់ ដែលនៅក្រៅប្រព័ន្ធរបបថែទាំសុខភាពឱ្យចូលមកក្នុងរបបថែទាំសុខភាព ប.ស.ស ហើយបានចូលរួមចំណែក ក្នុងការកាត់បន្ថយចំណាយ ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋជាង ១លាននាក់ ដែលនេះជាសមិទ្ធផលមួយដ៏ធំ»

លោករដ្ឋមន្ត្រី បានបន្ដថា ការដែលធ្វើឱ្យបងប្អូនមានបាន គឺមានពីជម្រើសដើរទន្ទឹមគ្នារួមមាន៖ ការខិតខំគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឱ្យបងប្អូនមានចំណូលច្រើនជាងមុន ទន្ទឹមនឹងនេះ ក៏ត្រូវរកវិធីធ្វើយ៉ាងណាឱ្យបងប្អូនកាត់បន្ថយការចំណាយជាងមុនដែរ។នេះគឺជាចក្ខុវិស័យនិងបេសកកម្ម ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើទៅគ្រប់ក្រសួងស្ថាប័នទាំងអស់ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាដើម្បីយកចិត្តទុកដាក់ជួយទៅដល់ការពង្រឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើនចំណូលហើយនិងកាត់បន្ថយចំណាយជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា សុខភាព គឺជាទ្រព្យដ៏ចម្បង និងដ៏មានតម្លៃថ្លៃថ្លាបំផុតរបស់មនុស្សរាល់គ្នា មិនថាតែកុមារ យុវវ័យ បុរសស្ត្រី និងចាស់ជរានោះទេ។ បើយើងមានបញ្ហាសុខភាព បើយើងបាត់បង់ផ្នែកណាមួយ នៃសម្បត្តិសុខភាពនេះ នោះយើងនឹងអាចបាត់បង់លុយកាក បាត់បង់ពេលវេលា ពេលវេលា ខ្លួនឯងផង ពេលវេលាគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ៕