(ភ្នំពេញ)៖ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ជាឈ្មោះយីហោហាងនំ​របស់​លោក ណន សុខហេង លើទឹកដីខេត្តក្រចេះ។ តើបងប្អូននៅចងចាំរឿងរ៉ាវរបស់លោក ណន សុខហេង ដែរទេ?

លោក ណន សុខហេង ជាអ្នកខេត្តក្រចេះ ដែលរសាត់អណ្តែតឆ្ងាយផ្ទះ​ស៊ីឈ្នួលគេ ព្រោះខឹងថៅកែមិនបើកលុយឱ្យក៏ចាំឆ្កែរបស់គេទៅ។ បន្ទាប់​មកម្ចាស់ឆ្កែ បានប្តឹងលោក ណន សុខហេង ឡើងតុលាការ។ ក្រោយ​ដំណឹង​គួរឱ្យអាសូរនេះ បានឮដល់សម្តេចតេជោ ហ៊ុន សែន, សម្តេច​ក៏​បាន​​ជួយសម្របសម្រួលឱ្យរូបគេ បានរួចពីបណ្តឹង ហើយសម្តេច​ក៏បាន​ឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក និង ៣៥លានរៀល ព្រមទាំង​បានបង្កើតអាជីវកម្មឡដុតនំប៉័ង​មួយនៅក្នុង​ក្រុងក្រចេះ ខេត្តក្រចេះ ដល់​រូប​គេផងដែរ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។

ជួបគ្រោះ ក៏ទទួលបានលាភ។ រាប់ចាប់ពីត្រឹមថ្ងៃដែលសម្តេចតេជោ បាន​ជួយរំដោះរូបគេពីបណ្តឹងរបស់ថៅកែ មកដល់ពេលនេះ មានរយៈពេល ៣ខែ ៥ថ្ងៃហើយ។

ពេលនេះលោក ណន សុខហេង បានធ្វើឡដុតនំបុ័ងរួចរាល់ ហើយក៏​រៀន​ចេះ​ពីវិធីដុតនំប័ុង និងបានចាប់ផ្ដើមអាជីវកម្មដុតនំប័ុង​លក់បាន៣​ថ្ងៃ​រួចហើយ ដោយបានដាក់ឈ្មោះហាងថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»។

ជាមួយនឹងសមិទ្ធផលនេះ លោក ណន សុខហេង បានថតរូបភាពសមិទ្ធផលដ៏រីករាយរបស់គេ ផ្ញើជូនសម្តេចតេជោ ព្រមទាំងបានអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។

ជាមួយនឹងការចែកចាយរូបភាព ក៏ដូចជាដំណឹងនៃផ្លែផ្ការបស់ ណន សុខហេង, សម្តេចតេជោ ក៏បានកោតសរសើររូបគេ ដែលបានខិតខំ​យក​ចិត្ត​ទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង សម្រាប់​ប្រកបរបរចិញ្ចឹមគ្រួសារ​ទៅថ្ងៃមុខ។

ក្នុងសំណេរនេះ សម្តេចតេជោ ក៏បានផ្តល់ដំបូន្មាន និងផ្តាំផ្ញើថា «តាសូមផ្តាំផ្ញើដល់ចៅ គឺត្រូវផលិតឱ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀត​ដូចជា​នំ​បុណ្យខួបកំណើតជាដើម ដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំ​ទី​ផ្សារមានការប្រកួតប្រជែងទាំងគុណភាព ទាំងរសជាតិ និងតម្លៃ។ ចៅត្រូវ​យកលុយបង្កើតលុយ»។

សម្តេចតេជោ បានអរគុណលោក ជួន ណារិន ស្នងការរាជធានីភ្នំពេញ ដែល​ជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក សេង ទៀង ដែលបានតាម​ដានដំណើការរៀបចំការផលិតតាំងពីចាប់ផ្តើមក​សាងរហូតដល់ការ
ផលិត​នាពេលនេះ។

សម្តេចតេជោ ក៏ឆ្លៀតត្បកទៅក្រុមជ្រុលនិយមផងដែរ ដែលពេលនោះ​ពួកគេ បានពេបជ្រាយ និងវាយប្រហារសម្តេចថាមកគិតរឿង​កូន​ឆ្កែកំបុិកកំប៉ុកមិនគិតរឿងជាតិធំៗ។

សម្តេចតេជោ បានតបពួកជ្រុលនិយមថា បើមិន​ចេះដោះស្រាយរឿង​កំបុិច​កំប៉ុក សូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអ្វី៕