(ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ សូមក្រាបបង្គំទូលថ្វាយ ថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទានព្រះរាជសាររំលែកទុក្ខ ជូន ឯកឧត្តម ចំពោះមរណភាពម្តាយក្មេក។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បញ្ជាក់ថា «បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរព្រះមហាករុណាទិគុណ ជាអនេកប្បការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់បានសព្វព្រះរាជហឬទ័យព្រះ រាជសាររំលែកមរណទុក្ខ លោកជំទាវ គីម អ៊ីហ្សាបែល ដែលត្រូវជាម្តាយក្មេករបស់ទូលព្រះបង្គំ ដោយលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរព្រះគុណប្រកបដោយ កត្តញ្ញូតាធម៌ ចំពោះព្រះរាជហឬទ័យដ៏ថ្លៃថ្លា សណ្តោសប្រណី និងដោយមនោសញ្ចេតនារាប់អានដ៏ខ្ពង់ ខ្ពស់ និងជ្រាលជ្រៅបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំពោះទូលព្រះបង្គំជាខ្ញុំ និង ភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារមិនអាចបំភ្លេចនូវ ព្រះរាជគុណូប្បការៈដ៏មហាថ្លៃថ្លានេះបានឡើយ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំអោន កាយក្រាបថ្វាយព្រះពរសព្វសាធុការបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូម ទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿងសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូបជាយូរអង្វែងដរាប រៀងទៅ។
សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទន៍កិច្ច និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូល ព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ។
សេចក្តីគួរពុំគួរ សូម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាប្រោស ព្រះរាជទានទោស៕