(សៀមរាប)៖ នៅរសៀល​ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤​ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ បាន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip​​ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ។ និងជាមួយលោក Narut Soontarodom អគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប នាបន្ទប់សាលាខេត្ត។

ក្នុងជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីគោលបំណង នៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីគណនេយ្យភាពសង្គម និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថាន។

លោក​ អភិបាលខេត្ត​ បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថាននៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើង។

ដោយឡែកនៅក្នុងជំនួបជាមួយ លោក Narut Soontarodom អគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប បានណែនាំខ្លួនក្នុងនាមជាអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប និង​សង្ឃឹមថារដ្ឋបាលខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប នឹងមានការសហការរួមគ្នាដើម្បីប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប។

ហើយលោក​ អភិបាលខេត្ត​ បានថ្លែងអំណរគុណចំពោះអគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាបដែលបានចូលរួមជួបសម្តែងការគួរសមនាពេលនេះ។ លោក​ ក៏បានបញ្ជាក់ថា​ ការរៀបចំឱ្យមានកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំនៅខេត្តសៀមរាបនេះ​ បានធ្វេីឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់គ្នាផងដែរ។

ទន្ទឹមនឹងនេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ៕