(ភ្នំពេញ)៖ សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចំពោះមរណភាពរបស់លោកជំទាវ គឹម អ៊ីស្សាបែល ជាមាតាក្មេក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជនាយុ ៩០ឆ្នាំ ដោយជរាពាធនៅប្រទេសបារាំង។ នេះបើយោងតាមព្រះរាជសាររបស់សម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។

ព្រះរាជសារ សម្តេចម៉ែ បានមានព្រះបន្ទូលថា ខ្ញុំបានទទួលពត៌មានអំពីមរណភាពលោកជំទាវ គឹម អ៊ីស្សាបែល ជាមាតាក្មេកនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជនាយុ ៩០ឆ្នាំ ដោយជរាពាធនៅប្រទេសបារាំង។ ខ្ញុំ ចងចាំជានិច្ចនូវភាពស្មោះត្រង់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ គឹម អ៊ីស្សាបែល ជាអ្នកស្នេហា ជាតិបានដង្ហែ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំ រហូតដល់ជីវិតចុងក្រោយរបស់លោកជំទាវ»។

ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃលោកជំទាវ គឹម អ៊ីស្សាបែល គឺជាការបាត់បង់មាតា មាតាក្មេក ជីដូន ដែលប្រកបទៅ ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូបដែលបានអប់រំកូន ចៅឱយដើរតាមគន្លងធម៌។ សូមវិញ្ញាណក្ខ័ន្ធលោកជំទាវ គីម អ៊ីស្សាបែល អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ៕