(ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរព្រះមហាករុណាទិគុណជាអនេកប្បការថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរដែលទ្រង់បានសព្វ ព្រះរាជហឬទ័យផ្ញើព្រះរាជសាររំលែកមរណទុក្ខលោកជំទាវ គីម អ៊ីហ្សាបែល ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវអំណរព្រះគុណប្រកបដោយ កត្តញ្ញូតាធម៌ ចំពោះព្រះរាជហឬទ័យដ៏ថ្លៃថ្លាសណ្តោសប្រណី និងដោយមនោសញ្ចេតនារាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យទូលព្រះបង្គំ ជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារមិនអាចបំភ្លេចនូវព្រះរាជគុណូប្បការៈដ៏មហាថ្លៃថ្លានេះបានឡើយ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំអោនកាយក្រាបថ្វាយព្រះពរសព្វសាធុការបវរមហាប្រសើរថ្វាយ សម្តេចព្រះវររាជមាតា សូមទ្រង់បាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សែនត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គជ្រកកោន ជាភិយ្យោភាពតរៀងទៅ។
សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូម សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈ ទ្រង់ព្រះមេត្តាប្រោសទទួលនូវអភិវន្ទន៍កិច្ច និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ។ សេចក្តីគួរពុំគួរ សូមព្រះករុណាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាប្រោសព្រះរាជទានទោស៕