(សៀមរាប)៖ «ជណ្ដើរត្រី» ដើម្បីជួយដល់ការផ្លាស់ទីរបស់ត្រី ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០២២-២០២៣ និងមានតម្លៃជិត ១០ម៉ឺនដុល្លារ ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាល អូស្ត្រាលី និងក្រោមកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt មានទីតាំងនៅភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

«ជណ្ដើរត្រី» ជាសំណង់ផ្លូវត្រីមួយដែលអាចឱ្យត្រីហែលឆ្លងកាត់ទៅផ្នែកខាងលើនៃទំនប់ ហើយត្រីអាចផ្លាស់ទីដោយសេរី និងការ ហែលទៅរកកន្លែងពងកូននានា។ ក្រៅពីបម្រើឱ្យច្រកផ្លូវសម្រាប់ត្រីធ្វើដំណើរបម្លាស់ទីនោះ ជួយកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ទៅលើការបម្លាស់ទីរបស់ត្រីទឹកសាបគ្រប់ប្រភេទ។

បើតាមលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងលោក ឡុក វួង មេឃុំស្រណាល បានបញ្ជាក់ថា សមិទ្ធផលនេះពិជាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែជួយលើវិស័យធារាសាស្ត្រ វិស័យជលផលនោះទេ គឺជួយទៅលើវិស័យកសិកម្ម និងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជិតទំនប់ស្លែងនេះ។ ជាក់ស្តែងបន្ទាប់ពីសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាង១ឆ្នាំមកនេះ បានមើលឃើញថាមានវត្តមានប្រភេទត្រីជាង ១០០ប្រភេទ បានហែរឆ្លងកាត់ ក្នុងនោះក៏មានពូជត្រីដែលមិនធ្លាប់មានវត្តមាននៅតំបន់នេះផងដែរ។

ប្រជាពលរដ្ឋរស់នៅភូមិស្លែង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានស្ថាបនាជណ្តើរត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យចំនួនត្រីបានកើនឡើងតាមរយៈជណ្តើរត្រីនេះ។ តាមរយៈជណ្តើរត្រីនេះបានធ្វើឱ្យតំបន់របស់លោកស្រីសម្បូរត្រីឱ្យកាន់ច្រើនបន្ថែមទៀត៕

សូមស្តាប់ការលើកឡើងរបស់លោកអភិបាលស្រុកក្រឡាញ់ និងមេឃុំស្រណាលដូចខាងក្រោម៖