(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលអំណោយជាសម្ភារៈវិជ្ជាសង្គ្រោះបឋម ពីអង្គការយូហាន់នីធើប្រចាំតំបន់អាស៊ីអាគ្នេយ៍ (JOHANNITER) ដែលគិតជាទឹកប្រាក់សរុបចំនួន ៨ពាន់ដុល្លារ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី Anette Muller នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការយូហាននីធើ ដែលបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការយូហាន់នីធើ ដែលបានផ្តល់សម្ភារៈវិជ្ជាសង្គ្រោះបឋមដល់កាកបាទក្រហមកម្ពុជា។
លោកស្រីបានថ្លែងបញ្ជាក់ថា សម្ភារៈវិជ្ជាសង្គ្រោះបឋមនេះ គឺជាអំណោយមួយដ៏សំខាន់ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិជ្ជាសង្គ្រោះបឋមបន្ថែមទៀតដល់មន្ដ្រី បុគ្គលិក និងយុវជនអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា នៅទូទាំង២៥ រាជធានី-ខេត្ដ ជាពិសេសការបណ្ដុះបណ្ដាលបន្ដដល់ស្ថាប័នរដ្ឋ និងឯកជននានានៅកម្ពុជា។
លោកស្រីក៏បានគូសរម្លឹកពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន គឺបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយមិនផ្ដោតតែលើការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតនោះទេ គឺបានផ្ដោតសំខាន់ទៅលើការកសាងធនធានមនុស្ស រួមទាំងសកម្មភាពជាច្រើនទៀត ជាក់ស្ដែងការជំរុញលើសកម្មភាពវិជ្ជាសង្គ្រោះបឋមនេះ ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង ដើម្បីបញ្ជៀបចំណេះដឹងនេះជូនដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងលើគ្រប់វិស័យ ធ្វើយ៉ាងម៉េចក្នុងមួយគ្រួសារត្រូវមានម្នាក់ ចេះវិជ្ជាសង្គ្រោះបឋមនេះ ស្របទៅតាមយុទ្ធសាស្ត្រ ២០២១-២០២៣០ របស់កាកបាទក្រហមកម្ពុជា។
ជាថ្មីម្ដងទៀត លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកលើកស្ទួយផ្នែកសង្គ្រោះបឋមរបស់អង្គការយូហាន់នីធើ ។លោកស្រីក៏សង្ឃឹមយ៉ាងមុតមាំថា អង្គការយូហាន់នីធើ នឹងបន្ដជួយគាំទ្របន្ថែមទៀតទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរលោកស្រី Anette Muller បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ពិសេសលោកស្រីអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបសំណេះសំណាល និងទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមនាពេលនេះ។ លោកស្រីនាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការយូហាននីធើ ក៏បានបង្ហាញពីសកម្មភាពការងារ ក៏ដូចជាបេសកកម្មជាបន្ដបន្ទាប់របស់អង្គភាពផងដែរ។
សូមជម្រាបថា អង្គការយូហាន់នីធើ បានចាប់ផ្តើមការងារនៅកម្ពុជា ឆ្នាំ២០១១ លើផ្នែកសង្គ្រោះបឋម។ នៅឆ្នាំ២០២៤ អង្គការនេះបានសហការជាមួយកាកបាទក្រហមកម្ពុជា ហើយបានបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបឋម ជូនដល់មន្ដ្រីកាកបាទក្រហមកម្ពុជាជាបន្ដបន្ទាប់ផងដែរ៕