(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទអន្តរជាតិស្តីពី ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ដើម្បីចែករំលែកចំណេះដឹងបទពិសោធ និងព័ត៌មានបច្ចុប្បន្នភាពទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញកម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
នៅក្នុងពិធីបើកសន្និសីទអន្តរជាតិនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រីនៃគណៈកម្មាធិការកែរទម្រង់រដ្ឋបាលសាធារណៈ និងលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបារាំង និងមានការចូលរួមពីគណៈប្រតិភូនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង, តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
នាឱកាសនោះលោកស្រី ឈី វិជ្ជរ៉ា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃនេះកើតចេញពីគំនិតផ្តួចផ្តើម និងការណែនាំតម្រង់ទិសដោយផ្ទាល់ពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយការពិភាក្សាជាបន្តបន្ទាប់ជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលេណេស៊ីបារាំង ក្រោមកិច្ចសម្របសម្រួលដោយលោក Laurent Mesmann រហូតឈានដល់ការកំណត់រួមគ្នាអំពីទស្សនទាននៃសន្និសីទអន្តរជាតិនេះ។
លោកស្រី ឈី វិជ្ជរ៉ា បានបន្ថែមថា សន្និសីទដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងបទពិសោធ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញកម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សន្និសីទនេះនឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្ដមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ ដែលប្រទេសកម្ពុជាកំពុងតែអនុវត្តនាពេលបច្ចុប្បន្នផងដែរ។
បើតាមលោកស្រី ឈី វិជ្ជរ៉ា សម្រាប់កម្មវិធីសន្និសីទនេះ វេទិការទី១ នឹងផ្តោតលើការផ្តល់បទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ៤ជាបន្តបន្ទាប់រួមមាន៖
ទី១៖ បទបង្ហាញទី១ ស្ដីពី «បរិវត្តកម្មរួមគ្នានៃមុខងាររចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ» ដោយលោកបណ្ឌិត Alain Moyrand សាស្ត្រាចារ្យនីតិសាធារណៈ នៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង
ទី២៖ បទបង្ហាញទី២ស្ដីពី «ការត្រួតពិនិត្យរដ្ឋបាលផ្ទៃក្នុង» ដោយលោកបណ្ឌិត Jean-Paul Pastorel សាស្ត្រាចារ្យនីតិសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង
ទី៣៖ បទបង្ហាញទី៣ ស្ដីពី «៨០ឆ្នាំនៃអង្គការសហប្រជាជាតិ(១៩៤៥-២០២៥)៖ សមិទ្ធផលនិងបញ្ហាប្រឈម» ដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត Florence Poirat នាយិកាសាលាបណ្ឌិតនៃសាកលវិទ្យាល័យប៉ូលីណេស៊ី
ទី៣៖ បទបង្ហាញទី៤ ស្ដីពី «ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា. ទស្សនៈវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា» ដោយលោកស្រីបណ្ឌិត Rodica Ailincai សាស្ត្រាចារ្យវិទ្យាសាស្ត្រអប់រំនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង៕