(ភ្នំពេញ)៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីជួយការពារសិទ្ធិ បំពេញសិទ្ធិជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ជាពិសេសស្ដ្រីងាយរងគ្រោះខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចុះហត្ថលេខាដោយលោក ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា និងលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ បានកត់សម្គាល់ថា ការអនុស្សរណៈដែលគណៈកម្មការទី១ នៃព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានរៀបចំពិធីចុះហត្ថលេខានាពេលនេះ បានបង្ហាញឲ្យឃើញនូវគោលដៅរួម ដែលមានសារៈសំខាន់ និងអត្ថប្រយោជន៍ក្នុងការផ្ដល់ការការពារ បំពេញសិទ្ធិតាមបញ្ញត្តិច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្សត់ខ្សោយងាយរងគ្រោះ ជាពិសេសចំពោះស្រ្ដីរងគ្រោះ ដែលខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកប្រធានព្រឹទ្ធសភាស្ដីទី បានគូសបញ្ជាក់ដែរថា ការណ៍នេះក៏បង្ហាញពីការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំស្ថាប័នជាតិ ក្នុងការការពារសិទ្ធិស្មើភាពគ្នា ជូនប្រជាពលរដ្ឋគ្រប់ៗរូប ហើយការចុះអនុស្សារណៈនេះ គឺធ្វើឡើងត្រឹមត្រូវស្របច្បាប់ និងមិនរំលោភទៅលើសិទ្ធិ ឬច្បាប់លក្ខន្តិកៈរបស់មេធាវីឡើយ។

ដោយឡែក លោក ងី ច័ន្ទ្រផល បានលើកឡើងថា ក្នុងបរិបទនៃព្រឹទ្ធសភានីតិកាលទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, ព្រឹទ្ធសភា និងគ្រប់យន្តការទាំងអស់ បាននិងកំពុងអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទប្បបញ្ញត្តិជាធរមាននានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោត និងប្រទេសជាតិ។

លោកបានបញ្ជាក់ថា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ក្នុងនាមជាសេនាធិការក្នុងការបំពេញមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្ដល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ព្រមទាំងបំពេញមុខងារគាំទ្រពីរទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន បានបំពេញភារកិច្ចរបស់ខ្លួនក្នុងការគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូបតាមរយៈការពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ តាមដានយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាក់ទងនឹងសិទ្ធិមនុស្ស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាទំនាក់ទំនងផ្ទាល់ជាមួយក្រសួង ស្ថាប័ន ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស រួចរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍តាមរយៈរបាយការណ៍ប្រចាំខែរបស់ខ្លួន ព្រមទាំងចុះបំពេញបេសកកម្មជាទៀងទាត់តាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងការបំពេញបេសកកម្មសិក្សា ស្រាវជ្រាវ ឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស ទៅកាន់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងអន្តរជាតិ។

លោក ងី ច័ន្ទ្រផល បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបតិ្តការ និងការប្តេជ្ញាចិត្តខ្ពស់របស់គូភាគីយើងទាំងពីរ ដូចបានឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់នេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី គី តិច បានឲ្យដឹងថា ដោយគោរពប្រតិបត្តិតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយដល់ស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបានអះអាងថា បច្ចុប្បន្នក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១២៩រូប ក្នុងនោះគណៈប្រតិបត្តិដឹកនាំដោយប្រធាន១រូប និងអនុប្រធាន១០រូប, ក្រុមមេធាវីស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់៩រូប, ក្រុមមេធាវីអន្តរាគមន៍២០រូប និងក្រុមមេធាវីទទួលបន្ទុកតាមបណ្ដារាជធានី-ខេត្ត ៨៩រូប។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បំពេញភារកិច្ចដោយស្ម័គ្រចិត្ត ឥតទទួលយកកម្រៃសេវា ពីប្រជាពលរដ្ឋរងគ្រោះឡើយ។

លោកមេធាវី គី តិច បានអះអាងថា ប្រតិបត្តិការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ពុំបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលទេ ពោលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់រាល់ការចំណាយលើបេសកកម្មការងាររបស់ក្រុមមេធាវីទាំងស្រុង។ ចាប់តាំងពីការបង្កើត ដល់ខែធ្នូ ឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានបំពេញភារកិច្ច សម្រេចលទ្ធផលការងារ ជាអាទិ៍៖

* ទទួលការពិគ្រោះ និងផ្ដល់យោបល់ បានចំនួន៧៤៣០ករណី (ផ្នែករដ្ឋប្បវេណី៤១៥៤, ផ្នែកព្រហ្មទណ្ឌ៣២៧៦)
* ទទួលការពារក្ដី បានចំនួន៣១៧ករណី (ផ្នែករដ្ឋប្បវេណី៥៦, ផ្នែកព្រហ្មទណ្ឌ២៦១)
* សម្របសម្រួលបញ្ចប់វិវាទផ្នែកសំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ បានចំនួន១២៣ករណី៕