(ភ្នំពេញ)៖ បុរសម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ នៅពេលចេញមកវិញមិនរៀងចាល និងតែងប្រើប្រាស់អំពីហិង្សាក្នុងគ្រួសារ ហើយចុងក្រោយគំរាមដុតផ្ទះ ត្រូវបានក្រុមគ្រួសារប្ដឹងសមត្ថកិច្ចមិនចាប់ខ្លួន។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាង ស៊ីនៀន ហៅអាធាន អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ជ័យ។ ចំណែកប្រពន្ធឈ្មោះ រឿង សុខនាង អាយុ៣៣ឆ្នាំ មានកូន២នាក់ ប៉ុន្តែកូនប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ ដោយលង់ទឹក នៅសល់កូនស្រីម្នាក់អាយុ៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ប្អូនថ្លៃរបស់ជនសង្ស័យ បាននិយាយថា ជនសង្ស័យ និងបងស្រីនាងបានលែងលះគ្នា៣ឆ្នាំមកហើយ ព្រោះតែជននេះវាយធ្វើបាបខ្លាំងពេក ហើយក៏បានជាប់ពន្ធនាគារ២ឆ្នាំទៀតផង ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងទើបតែចេញពីពន្ធនាគារប៉ុណ្ណោះ។ ចំណែកកាលពី៣ខែមុន កូនប្រុសរបស់ពួកគេអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ហើយជននេះក៏បានមកចូលរួមធ្វើបុណ្យសពកូនដែរ រួចបានឆ្លៀតឱកាសសុំត្រូវរ៉ូវជាមួយប្រពន្ធវិញ។
ពេលនោះកូនស្រីតូចបានអង្វរសុំឲ្យម្ដាយត្រូវរ៉ូវគ្នាជាមួយឪពុកវិញ ហើយដោយសារតែអាណិតកូនស្រីផង និងមានការយល់ព្រមពីក្រុមគ្រួសារផង ទើបប្រពន្ធព្រមរួមរស់ជាមួយគ្នាឡើងវិញ។ លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃបញ្ចប់បុណ្យ១០០ថ្ងៃសពកូនប្រុស ជននេះបានផឹកស៊ីស្រវឹង រួចអូសដៃប្រពន្ធចូលបន្ទប់ហើយវាយ និងយកខ្សែក្រវាត់រឹតក ព្រមទាំងយកស្ព្រ៉ាយ និងថ្នាំបាញ់មូសបាញ់សម្រាប់បាញ់សក់ទៅបាញ់មុខនិងភ្នែកប្រពន្ធ ហើយគំរាមសម្លាប់ចោលទៀត។
លុះដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភ័យខ្លាចប្ដីសម្លាប់ ក៏បាននាំកូនស្រីលួចចាកចេញពីផ្ទះទៅលាក់ខ្លួននៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ក្រោយមកទើបកូនស្រីតូចខលប្រាប់ឲ្យក្រុមគ្រួសារដឹង។ បន្ទាប់មកក្រុមគ្រួសារបានចាក់សោររបងផ្ទះឈប់ឲ្យជននោះចូលផ្ទះ ប៉ុន្តែជននេះបានហែករបងសំណាញ់ដែកទិញសាំង២ដប ចូលទៅសម្ងំប្រុងដុតផ្ទះចោល ទើបក្រុមគ្រួសារប្ដឹងនគរបាលឲ្យឃាត់ខ្លួនតែម្ដង៕