(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានតម្លើងរបាំងពុះចែកទ្រូងផ្លូវ លើផ្លូវ៦០ម៉ែត្រ ជាមួយការតម្លើងបន្ថែមនូវស្លាកសញ្ញាកំណត់ល្បឿន និងគំនូសបែងចែកផ្លូវរវាងម៉ូតូ និងរថយន្ត។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្ដើមតម្លើងនូវរបាំងពុះចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ នៅថ្ងៃនេះ ដោយធ្វើការបែងចែកជាពីរប្រភេទរួមមាន៖
*ទី១៖ តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង
*ទី២៖ តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ, បន្ថែមពីលើការងារនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានអ៊ុតគំនូសរាចរណ៍ ដោយបែងចែកជាគន្លងម៉ូតូ គន្លងរថយន្ត និងការតម្លើងស្លាកចរាចរណ៍មួយចំនួនបន្ថែមទៀតផងដែរ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យទទួលបានសុវត្ថិភាពបរាចរណ៍ទាំងអស់គ្នា ពិសេសការគោរពទៅតាមល្បឿន ដែលបានកំណត់នៅលើដងផ្លូវនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យអភិបាលរាជធានី រៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវ៦០ម៉ែត្រ ជាមួយការបង្កើនការប្រុងប្រយ័ត្ន ការអនុវត្តន៍ច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង។ កំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានក្លាយជាចំណុចចាប់អារម្មណ៍មួយ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សជាបន្តបន្ទាប់លើផ្លូវដ៏ធំមួយនេះ៕